
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបន្តការចែកចាយជំនួយស្បៀងអាហារ នៅក្នុងផ្នែកខ្លះនៃតំបន់ទីហ្គ្រេ (Tigray) របស់ប្រទេសអេត្យូពី បន្ទាប់ពីផ្អាករយៈពេលបីខែ។
WFP បានផ្អាកជំនួយស្បៀងអាហារដល់តំបន់ភាគខាងជើង កាលពីខែឧសភា បន្ទាប់ពីមានរបាយការណ៍អំពីការលួចដ៏រាលដាលនៃជំនួយទាំងនោះ។ បន្ទាប់មកខ្លួនបានផ្អាកផ្តល់ជំនួយដល់ប្រទេសអេត្យូពីទាំងអស់ នៅក្នុងខែមិថុនា។ ចំណែកសហរដ្ឋអាមេរិក ក៏បានធ្វើដូចគ្នាដែរ។
មនុស្សជាង ២០លាននាក់ ត្រូវការជំនួយស្បៀងអាហារ នៅក្នុងប្រទេសអេត្យូពី ដែលជាប្រទេសមានប្រជាជនច្រើនបំផុតទីពីររបស់ទ្វីបអាហ្រ្វិក ដែលភាគច្រើនដោយសារតែគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតរបស់ទ្វីបអាហ្រ្វិកក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ និងសង្គ្រាមស៊ីវិលរយៈពេលពីរឆ្នាំ នៅតំបន់ទីហ្គ្រេ។
WFP បានផ្តល់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ដល់ជិត៦លាននាក់ក្នុងចំណោមពួកគេ។