ភ្នំពេញ៖ គណៈកម្មាធិការរៀបចំពិព័រណ៍ CAMFOOD/CAMHOTEL នឹងរៀបចំពិព័រណ៍ស្តីពី វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិនៅថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានក្រុមហ៊ុនមកពីជាង ៤០ប្រទេស នឹងចូលរួមដាក់តាំងបង្ហាញអំពីទំនិញថ្មីៗ បច្ចេកវិទ្យា និងបទពិសោធន៍ជាច្រើនផ្សេងទៀត ដើម្បីបង្ហាញក្នុងព្រឹត្តការណ៍ដ៏ធំមួយនេះ។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា ពិព័រណ៍ CAMFOOD/CAMHOTEL ជាពិព័រណ៌អន្តរជាតិដ៏ធំបំផុតនៅកម្ពុជាសម្រាប់វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ហើយទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងជាតិ និងអន្តរជាតិជាច្រើនផងដែរ ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មពាក់ព័ន្ធ។
លោកបានអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុក ជាពិសេសអ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី ឬអ្នកកំពុងទទួលទានមុខរបរផ្សេងទៀត អញ្ញើញចូលរួមទស្សនាដោយឥតគិតថ្លៃ ព្រោះអាចធ្វើការស្វែងយល់អំពីចំណេះដឹងថ្មី ពីបណ្តាដៃគូសហការទាំងក្នុង និងក្រៅប្រទេស។
ពិព័រណ៍ CAMFOOD/CAMHOTEL ត្រូវបានសហការរៀបចំដោយសហព័ន្ធទេសចរណ៍កម្ពុជា សមាគមចុងភៅកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរណឲ្យកាន់តែច្រើនបន្ថែមទៀតមកកាន់កម្ពុជា។
ពិព័រណ៍នេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ហើយនឹងមានការត្រលប់មកវិញនូវការប្រកួតធ្វើម្ហូបកម្ពុជាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី





