បុរសម្នាក់ដែលបានបង្ហោះសារគំរាមដោយហិង្សាលើលោកប្រធានាធិបតីអាមេរិក លោក Joe Biden និងក្រុមមន្ត្រីផ្សេងទៀតតាមបណ្ដាញសង្គម ត្រូវបានបាញ់សម្លាប់អំឡុងការវាយឆ្មក់របស់ទីភ្នាក់ងារចារកម្ម FBI កាលពីថ្ងៃពុធ។

ក្រុមភ្នាក់ងារនេះ បានព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក ក្រេក រ៉ូប៊ើតសុន(Craig Robertson) នៅផ្ទះរបស់លោកក្នុងរដ្ឋយូថា (Utah) ប៉ុន្មានម៉ោងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់រដ្ឋនេះ ពីសំណាក់ លោក Biden ។
ពាក្យបណ្តឹងព្រហ្មទណ្ឌបាននិយាយថា រ៉ូប៊ើតសុន បានបង្ហោះសារគំរាមកំហែងនៅលើបណ្ដាញសង្គម Facebook លើលោកBiden និងរដ្ឋអាជ្ញាម្នាក់ដែលកំពុងបន្តការចោទប្រកាន់បទព្រហ្មទណ្ឌលើលោក Donald Trump ។ ទីភ្នាក់ងារFBI បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ពាក់ព័ន្ធករណីនេះ។
ការវាយឆ្មក់នេះបានកើតឡើងនៅម៉ោងប្រហែល៦និង១៥នាទី ម៉ោងក្នុងស្រុក នៅទីក្រុង ប្រូវ៉ូ (Provo )ស្ថិតនៅចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងសលត៍លេក ( Salt Lake City)។
ពាក្យបណ្តឹងព្រហ្មទណ្ឌបានគូសបញ្ជាក់ពីសារដែលលោក Robertson បានបង្ហោះនៅលើបណ្ដាញសង្គម Facebook រួមទាំងរូបភាព កាំភ្លើង និងការគំរាមកំហែងសម្លាប់លោក Biden និងលោកអាល់វីន ប្រាក( Alvin Bragg)ដែលជាមេធាវីសង្កាត់ Manhattan ដឹកនាំការស៊ើបអង្កេតលើ Trump ពាក់ព័ន្ធការបង់ប្រាក់បំបិទមាត់ឲ្យតារាភាពយន្តអាសអាភាស ។
យោងតាមពាក្យបណ្តឹង សារផ្សេងទៀតបានផ្តោតទៅលើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក មើរីក ហ្គាលែន ( Merrick Garland) និងរដ្ឋអាជ្ញាធរទីក្រុង New York លោក ឡេទីទីយ៉ា ចេមស៍ (Letitia James) ។
លោក Robertson បានបង្ហោះនៅលើ Facebook ថា ខ្ញុំលឺថា លោក Biden នឹងមកកាន់រដ្ឋ Utah ។ ស្វែងរកសម្លៀកបំពាក់បំភន្តភ្នែកចាស់របស់ខ្ញុំ ហើយសម្អាតធូលីចេញពីកាំភ្លើង M24 ៕
