ក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ហើយ ក្រោយបន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដោយលទ្ធផល ២-០ កាលពីល្ងាចថ្ងៃទី០៩ ខែសីហាម្សិលមិញ ។ ជ័យជម្នះនេះដែរ ក៏បើកផ្លូវឲ្យក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី មានសង្ឃឹមឡើងវគ្គបន្ដផងដែរ បន្ទាប់ពីពួកគេវាយបកឈ្នះមណ្ឌលគិរីវង់ ៣-២ ។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមសន្ដិភាព ខេត្តកំពង់ធំ លើក្រុមភ្ញៀវខេត្តសៀមរាប ធ្វើសម្រេចដោយកីឡាករ ឆាំ ប៊ុនឈីត នៅនាទីទី៨ និងកីឡាករ រ៉ាន់ សិទ្ធ នៅនាទី៧២ ។ ដូច្នេះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប គឺរងបរាជ័យទាំង ២ជើង ក្នុងជំនួបជាមួយក្រុមកំពូលតារាងនេះ ដ្បិតកាលពីជើងទី១ គឺចាញ់ក្នុងលទ្ធផល ១-០ ។

រីឯជំនួបជើងទី២ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យវិញ ក្រុមម្ចាស់ផ្ទះខេត្តមណ្ឌលគិរី បានបើកការនាំមុខក្រុមអធិរាជដំរីឦសាន ២គ្រាប់មុន នៅចុងវគ្គទី១ ដោយកីឡាករ ណូ សូទី នៅនាទី៤៤ និងកីឡាករ ធិ ផៃយ៉ា នៅនាទី៤៥+២ ។ ប៉ុន្ដែវគ្គទី២ ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ក៏វាយបកបាន ៣គ្រាប់វិញ ដោយកីឡាករ កវី ស៊ីយ៉ា នៅនាទី៥៦, កីឡាករ ហ៊ីង វ៉ាយលេស នៅនាទី៧៨ និងគ្រាប់បាល់ជ័យជម្នះ ដោយបានដោយកីឡាករ សម្បត្តិ បញ្ញា នៅនាទី៨៨ ។

ជាមួយលទ្ធផលក្នុងសប្ដាហ៍ទី១៥ នេះដែរ នាំឲ្យក្រុមបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ បន្ដឈរកំពូលតារាងពូលD ដោយរកបាន ១៥ពិន្ទុ និងបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ទោះបីពួកគេនៅសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ ។ ចំណែកក្រុមសៀមរាប បន្ដឈរលេខ២ តែមាន ១០ពិន្ទុស្មើគ្នាជាមួយក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ដែលឡើងមកឈរលេខ៣ ។ ប៉ុន្ដែខេត្តសៀមរាប នៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ ស្របពេលក្រុមអធិរាជដំរីឦសាន នៅសល់ ២ប្រកួតទៀត ។ ដូច្នេះក្រុមទាំងពីរ សុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ពិសេសក្រុមអធិរាជដំរីឦសាន ខេត្ដរតនគិរី ដែលនៅសល់ប្រកួតច្រើនជាងតែម្ដង៕ អត្ថបទ លី ឈុនឡា
