កំពង់ឆ្នាំង៖ កម្មករកម្មការិនីចំនួន៧៥នាក់ នៅរោងចក្រចំនួន២ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយពីក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានតេស្តសំណាកពួកគេតាមឧបករណ៍តេស្តរហ័ស ទៅលើកម្មករកម្មការនីចំនួន៤០៨នាក់ កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះ ។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ក្រោយពីរកឃើញកម្មករកម្មការនីនៅរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានវិជ្ជមានកូវីដ១៩ចំនួន២៣នាក់ កាលពីថ្ងៃទី១៧ ខែឧសភារួចមក ក្រុមការងារក៏បានបន្តយកសំណាកទៅលើកម្មករកម្មការិនី ដែលពាក់ព័ន្ធនៅក្នុងរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ចំនួន២៥៩នាក់ និងរោងចក្រ តឹកហ្វុក ស្ថិតក្នុងស្រុកកំពង់ត្រឡាចដូចគ្នាចំនួន១៣៥នាក់ ទាំង២រោងចក្រអ្នកយកសំណាកសរុបចំនួន៤០៨នាក់ទៀត។ ក្នុងនោះចំណោមកម្មករកម្មការិនីទាំង៤០៨នាក់ ក្រុមការងារបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧៥ ដោយ៧៣នាក់រកឃើញនៅក្នុងរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា និង២នាក់ទៀតរកឃើញនៅក្នុងរោងចក្រ តឹកហ្វុក។
លោកបានបន្តថា ៖ ក្រោយពីរកឃើញថា មានកម្មករកម្មការិនីជាច្រើនបានឆ្លងក្នុងរោងចក្រហើយនោះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ គណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសំរេចបិទខ្ទប់រោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ដែលមានកម្មករកម្មការិនីធ្វើការចំនួន៨៥០០នាក់ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ សិន ចាប់ពីថ្ងៃទី២២ ខែឧសភានេះតទៅ។ ចំពោះកម្មករកម្មការិនីដែលបានឈប់សំរាក ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ខេត្ត រួមនឹងអាជ្ញាធរមានសមត្ថកិច្ចបានណែនាំអោយពួកគាត់រស់នៅដាក់ខ្លួនអោយនៅដាច់ដោយឡែកពីបងប្អូនក្រុមគ្រួសារ និងតាមដានសុខភាពខ្លួនឯងរយៈពេល១៤ថ្ងៃ ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវមានភារកិច្ចតាមដានពួកគាត់ក្នុងពេលធ្វើចត្តាឡីស័កនេះ។ ដោយឡែករោងចក្រ តឹកហ្វុក ដែលបានរកឃើញវិជ្ជមានលើកម្មការិនីចំនួន២នាក់នោះ ក្រុមការងារកំពុងតាមដានស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ត ដើម្បីយកសំណាក និងដាក់ខ្លួនអោយនៅដាច់ដោយឡែក។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បញ្ជាក់បន្ថែមថា ការឆ្លងរាលដាលចូលក្នុងរោងចក្រលឿនបែបនេះ គឺមកពីពួកគាត់ធ្វើការនៅក្បែរគ្នា ក្នុងអគារតែ១ ជាពិសេសគឺការធ្វើដំណើរទៅមករួមគ្នាក្នុងរថយន្តតែ១តែកម្មករកម្មការិនីដែលជិះក្នុងរថយន្តមានច្រើនរោងចក្រ និងការប្រជ្រៀតគ្នាមិនពាក់ម៉ាស់ជាដើម។ លោកវេជ្ជបណ្ឌិត បានអំពាវនាវ សុំអោយកម្មករកម្មការិនីទាំងអស់ដែលកំពុងធ្វើការនៅ តាមរោងចក្រក្នុងខេត្តកំពង់ឆ្នាំង ដែលធ្វើដំណើររួមគ្នាតាមរថយន្ត ត្រូវបន្តពាក់ម៉ាស់ជាប្រចាំ និងលាងសំអាតដៃញឹកញាប់ និងអនុវត្តអោយបានម៉ឺងម៉ាត់ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជម្ងឺ១៩ក្នុងសហគមន៍។
មកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អ្នកឆ្លងកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍២០កុម្ភៈនៅក្នុខេត្តកំពង់ឆ្នាំង បានកើនដល់១៤១នាក់ ក្នុងនោះមានស្លាប់២នាក់ ជាសះស្បើយ២៩នាក់ និងកំពុងសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្ត និងស្រុកកំពង់ត្រឡាចចំនួន១១០នាក់ទៀត៕
ហុង វាស្នា