ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបន្តចុះត្រួតពិនិត្យមើលទីតាំងជួសជុលប្រព័ន្ធលូរំដោះទឹក និងការអ៊ុតកៅស៊ូផ្លូវជង្ហុកសំបុកមាន់ជាដើម ដើម្បីជៀសវាងពេលមានភ្លៀងធ្លាក់ម្ដងៗ កាត់បន្ថយការជន់លិច ជាពិសេសតំបន់ស្តុបផ្សារដេប៉ូ មូលដ្ឋានខណ្ឌ៧មករា។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២៣ នេះ លោកថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលទីតាំង ជួសជុលប្រព័ន្ធលូ នៅតាមបណ្ដោយផ្លូវលេខ ២១៥ (មហាវិថីហ្សាហារឡាលនេហ៍រុន) និងការអ៊ុតកៅស៊ូផ្លូវជង្ហុកសំបុកមាន់ ផ្លូវលេខ២៣២ ក្នុងមូលដ្ឋានខណ្ឌ៧មករា។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើង រដ្ឋបាលខណ្ឌ៧មករា សូមថ្លែងអំណរអរគុណ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានទទួលយកនៅសំណូមពរ របស់ខណ្ឌ ការដាក់ប្រព័ន្ធលូររំដោះទឹក ក្បែរចំណុចស្តុបអាងទឹកផ្លូវលេខ២១៥ ដើម្បីបង្ហូទឹកចូលប្រព័ន្ធលូរមេ ព្រោះកន្លងមកពេលភ្លៀងធ្លាក់ម្ដងៗ មានការលិចផ្លូវ ជាងខ្លាំងនៅផ្លូវលេខ២១៥ ចំណុចស្តុបផ្សារដេប៉ូ នេះ ធ្វើឲ្យអ្នកធ្វើដំណើរលំបាក។ដូច្នេះ បានដាក់ប្រព័ន្ធលូមុខកាត់ទំហំ ១ម៉ែត្រកន្លះ ដើម្បីរំដោះទឹក។
លោក អភិបាលបានបន្តលើកឡើងថា រដ្ឋបាលខណ្ឌសង្ឃឹមជឿជាក់ថា ក្រោយការផ្លាស់ប្ដូរប្រព័ន្ធលូមេ នៅចំណុចស្តុបផ្សារដេប៉ូរួច ការជន់លិចអាចកាត់បន្ថយបានច្រើន ពីតំបន់ផ្លូវកម្ពុជាក្រោម តំបន់បុរីកីឡា និងផ្លូវលេខ២១៥ ចំណុចស្តុបផ្សារដេប៉ូ មូលដ្ឋានខណ្ឌ៧មករា។
ជាចុងក្រោយរដ្ឋបាលខណ្ឌសំណូមពរដល់ពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវលេខ២១៥ទាំងអស់គ្នា សូមចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ជៀសវាងហូរចូលមាត់លូរ បង្កការកកស្ទះប្រព័ន្ធទឹក និងដើម្បីរក្សារបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរ៕ អត្ថបទ៖ កុម្ភៈ








