ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងផ្សារ ច្បារអំពៅ ក្រុមការងារកំលាំងសន្តិសុខផ្សារ បានចុះរៀបចំសណ្តាប់ធ្នាប់ ចំពោះក្រុមអាជីវករលក់ដូរទំនិញផ្សេងៗ នៅបណ្តោយលេខ ៣៦៩ មុខផ្សារ ច្បារអំពៅ ដើម្បីគូសគំនូសកំណត់ទីតាំងលក់អោយមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍សាធារណៈ កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ។
គណៈកម្មការផ្សារ ច្បារអំពៅ ប្រាប់អោយ BTV ដឹងថា អាជ្ញាធរខណ្ឌច្បារអំពៅ ក្រោមការដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និង លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ ច្បារអំពៅ ជារឿយៗគណៈកម្មការផ្សារ តែងតែចុះរៀបចំសណ្តាប់ធ្នាប់ ខាងក្នុងផ្សារ និងជុំវិញបរិវេណផ្សារ អោយមានរបៀបរាបរយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ដើម្បីផ្លូវមានសភាពធំទូលាយដែលអាចធ្វើអោយបងប្អូនប្រជាពលរដ្ឋចេញចូលបានស្រួល ជាពិសេស ងាយស្រួលនៅពេលមានហានិភ័យណាមួយកើតឡើង គឺអាចចេញចូលបានល្អ ។
ក្នុងនោះផងដែរគណៈកម្មការផ្សារ ក៏ធ្វើការផ្សព្វផ្សាយ ណែនាំ ទៅដល់អាជីវករ ក៏ដូចជា អ្នកទៅទិញទំនិញ ម្ហូប អាហារ ក្នុងផ្សារទាំងអស់សូមចូលរួមថែរក្សា អនាម័យ បរិស្ថានជាប់ជាប្រចាំ ។ ពីព្រោះថា សំរាម និង បរិស្ថានមិនល្អនេះហើយ គឺជាប្រភពដែលនាំអោយកើតមានជំងឺគ្រប់ប្រភេទ ដូច្នេះហើយ សូមបងប្អូនទាំងអស់ នាំគ្នាជួយសហការជាមួយគណៈកម្មការផ្សារ ក្នុងការបោសសំអាតសំរាម អនាម័យ បរិស្ថានអោយបានស្អាតជានិច្ច ទើបយើងឈ្នះអស់ជំងឺទាំងឡាយ ៕តារាវុទ្ធី




