គុយបា៖ ប្រជាជនគុយបាបាននាំគ្នាទៅកាន់ឆ្នេរសមុទ្រកាលពីថ្ងៃពុធ (៩ សីហា) ខណៈដែលសីតុណ្ហភាពនៅក្នុងប្រទេសកោះនៅមហាសមុទ្រការ៉ាអ៊ីបមួយនេះ បានឡើងដល់កម្រិត៤០អង្សាសេ (១០៤ ហ្វារិនហៃ) ក្នុងរលកកម្ដៅដ៏ខ្លាំងក្លា។
ក្រុមមន្ត្រីបាននិយាយថា ខែកក្កដាគឺជាខែដែលមានសីតុណ្ហភាពក្តៅបំផុតរបស់ប្រទេសកោះនេះចាប់តាំងពីឆ្នាំ១៩៥១មក។ វិទ្យាស្ថានឧតុនិយមរបស់ប្រទេសគុយបាបាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដាគឺកម្រិត ២៩,១អង្សាសេ (៨៤,៣៨ ហ្វារិនហៃ)។
កម្ដៅពីមហាសមុទ្រនៅជុំវិញប្រទេសគុយបា ក៏ជាការរួមចំណែកធ្វើឲ្យសីតុណ្ហភាពពេលយប់នៅក្នុងប្រទេសនេះ មានសភាពក្តៅខ្លាំងខុសប្លែកធម្មតា ដោយធ្វើឱ្យអ្នកស្រុកគេងមិនលក់ និងបង្កើនភាពតានតឹងនៅក្នុងប្រទេសដែលរងគ្រោះរួចទៅហើយដោយកង្វះអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។
កំណើនជាបន្តបន្ទាប់ និងការហក់ឡើងនៃអាកាសធាតុធ្ងន់ធ្ងរ ទាំងនៅលើដី និងក្នុងមហាសមុទ្រ គឺជាសញ្ញានៃបម្រែបម្រួលអាកាសធាតុសកល ជាកត្តាជំរុញដោយមនុស្ស ដែលកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ដោយអ្នកជំនាញក្នុងវិស័យនេះបាននិយាយថា រលកកម្ដៅដ៏ខ្លាំងក្លារំពឹងថានឹងបន្តពេញមួយខែសីហានេះផងដែរ៕

