កូរ៉េខាងជើង៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំនួសតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់របស់យោធា ហើយបានអំពាវនាវឱ្យមានកាត្រៀមលក្ខណៈបន្ថែមទៀតសម្រាប់លទ្ធភាពនៃផ្ទុះសង្គ្រាមដែលអាចកើតមាន ដោយការជំរុញការផលិតសព្វាវុធ និងការពង្រីកសមយុទ្ធយោធា។
ប្រព័ន្ធផ្សព្វផ្សាយដដែល បាននិយាយថា លោក គីម បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធាមជ្ឈិម ដែលធ្វើឡើងកាលពីថ្ងៃពុធ (៩ សីហា) ហើយបានពិភាក្សាអំពីផែនការសម្រាប់វិធានការទប់ទល់នឹងសត្រូវរបស់កូរ៉េខាងជើង ដែលខ្លួនមិនបញ្ចេញឈ្មោះ។ រូបថតដែលចេញផ្សាយដោយទូរទស្សន៍ KRT បង្ហាញថាលោក គីម ចង្អុលទៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរដ្ឋធានីកូរ៉េខាងត្បូងនៅលើផែនទី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកឧត្តមសេនីយ៍ រី យ៉ុងគីល (Ri Yong Gil) ត្រូវបានតែងតាំងជំនួសឧត្តមសេនីយ៍ជាន់ខ្ពស់របស់យោធាលោក ផាក ស៊ូអ៊ីល (Pak Su Il) ដែលជានាយអគ្គសេនាធិការ ដោយមិនបានបញ្ជាក់ព័ត៌មានលម្អិត។ គេមិនច្បាស់នោះទេថា តើលោក រី នឹងរក្សាតួនាទីរបស់ខ្លួនជារដ្ឋមន្ត្រីការពារជាតិ ឬយ៉ាងណា។
របាយការណ៍បាននិយាយថា លោក គីម ក៏បានកំណត់គោលដៅសម្រាប់ការពង្រីកសមត្ថភាពផលិតសព្វាវុធផងដែរ ដោយមិនបានផ្តល់នូវព័ត៌មានលម្អិត។ កាលពីសប្តាហ៍មុន លោកបានទៅពិនិត្យរោងចក្រផលិតសព្វាវុធ ដែលលោកបានអំពាវនាវឲ្យផលិតម៉ាស៊ីនមីស៊ីល កាំភ្លើងធំ និងអាវុធជាច្រើនផ្សេងៗបន្ថែមទៀត៕

