លីប៊ី៖ ក្រុមអាជ្ញាធរលីប៊ីបាននិយាយកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍យ៉ាងហោចណាស់២៧នាក់ មកពីអនុតំបន់អាហ្វ្រិកសាហារ៉ា បានស្លាប់ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងតំបន់វាលខ្សាច់ភាគខាងលិចរបស់ប្រទេសលីប៊ី ជិតព្រំដែនជាមួយ ប្រទេសទុយនីស៊ី ។
ក្រសួងមហាផ្ទៃរបស់លីប៊ី បាននិយាយថា សាកសពទាំងនោះ ត្រូវបានរកឃើញថ្មីៗនេះជិតព្រំដែនហើយថាក្រុមនិតិកោសល្យវិជ្ជា ត្រូវបានបញ្ជូនទៅកាន់តំបន់នោះរួចហើយ។
សារព័ត៌មាន AP បានរាយការណ៍ថា លោក ម៉ូហាម៉េដ ហាម៉ូដា(Mohamed Hamouda) អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី កាលពីថ្ងៃពុធ បានបញ្ជាក់ពីការរកឃើញសាកសពទាំងនេះ ប៉ុន្តែពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀត។
តំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសទុយនីស៊ី បាននាំមុខប្រទេសជិតខាងលីប៊ី ជាចំណុចចេញដំណើរដ៏សំខាន់របស់តំបន់នេះ សម្រាប់ជនអន្តោប្រវេសន៍ ភាគច្រើនមកពីអនុតំបន់សាហារ៉ា អាហ្វ្រិក ដែលកំពុងព្យាយាមទៅកាន់ប្រទេសអ៊ីតាលី និងប្រទេសផ្សេងទៀតនៅអឺរ៉ុបតាមទូកតូចៗ។
ក្រុមសិទ្ធិមនុស្សរបស់ប្រទេសលីប៊ី បានចោទប្រកាន់កងកម្លាំងសន្តិសុខទុយនីស៊ី ពីបទបណ្ដេញជនអន្តោប្រវេសន៍ដោយបង្ខំ និងបោះបង់ពួកគេចោលក្នុងតំបន់វាលខ្សាច់ដោយគ្មានទឹកនិងអាហារ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទុយនីស៊ី លោក កាម៉េល ហ្វេគី(Kamel Feki) កាលពីសប្ដាហ៍មុន បានទទួលស្គាល់ថា ជនអន្តោប្រវេសន៍មួយក្រុមតូចមកពីអនុតំបន់សាហារ៉ា ដែលកំពុងពន្យាយាមឆ្លងចូលប្រទេសនេះ ត្រូវបានរុញឲ្យបកក្រោយចូលទៅក្នុងវាលខ្សាច់តំបន់ព្រំដែនជាប់ជាមួយប្រទេសលីប៊ី និងអាល់ហ្សេរី ។ ប្រទេសទុយនីស៊ី មិនអាចគាំទ្រដល់ចំនួនជនអន្តោប្រវេសន៍គ្មានឯកសារដ៏ច្រើននេះមកពីអនុតំបន់សាហារ៉ាបានទេ។
ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយកាលពីថ្ងៃពុធ ជនអន្តោប្រវេស៊ី ចំនួន៤១នាក់ ត្រូវគេជឿថាបានស្លាប់ បន្ទាប់ពីទូកមួយគ្រឿង ដឹកជញ្ជូនពួកគេបានក្រឡាប់លិចនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសទុយនីស៊ី៕

