ឥណ្ឌា៖ កាលពីថ្ងៃពុធ (៩ ខែសីហា) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានទម្លាក់កំហុសលើភាពចលាចលក្នុងសហភាពមីយ៉ាន់ម៉ា ជាមូលហេតុនៃជម្លោះជនជាតិភាគតិចនៅរដ្ឋម៉ានីពួរ ភាគឦសាននៃប្រទេសឥណ្ឌា ដែលនៅជិតខាង ហើយជំរុញឱ្យភាគីជម្លោះទាំងពីរនៅក្នុងរដ្ឋម៉ានីពួរ ដោះស្រាយជម្លោះរបស់ពួកគេតាមរយៈការសន្ទនា។
លោក Shah បានប្រាប់សភាថា អស្ថិរភាពនយោបាយនៅក្នុងសហភាពមីយ៉ាន់ម៉ា បានជំរុញឱ្យជនភៀសខ្លួនរាប់ពាន់នាក់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងរដ្ឋម៉ានីពួរ។ មនុស្សជាង១៨០នាក់ត្រូវបានសម្លាប់ ជាច្រើនរយនាក់ទៀតរងរបួស និងមនុស្សរាប់ម៉ឺននាក់បានបាត់បង់ផ្ទះសម្បែងនៅក្នុងរដ្ឋម៉ានីពួរ ចាប់តាំងពីខែឧសភាមក។
ចាប់តាំងពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២១ របបសឹកបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទូទាំងប្រទេស។ លោក Shah បានជំរុញភាគីជម្លោះជនជាតិភាគតិចទាំងពីរនៅក្នុងរដ្ឋម៉ានីពួរ ដែលភាគច្រើនជាជនជាតិម៉ីតី និងជនជាតិគូគី ឲ្យមកចូលតុចរចាសន្តិភាព និងដោះស្រាយបញ្ហាតាមរយៈការសន្ទនា។
អំពើហឹង្សាបានកើតឡើងបន្ទាប់ពីតុលាការក្នុងខែកុម្ភៈបានស្នើថា សិទ្ធិពិសេសៗជាច្រើនត្រូវបានផ្តល់ដល់ជនជាតិភាគតិចគូគី រួមមានចំនួន១៦% នៃចំនួនប្រជាជនទាំងអស់របស់រដ្ឋ ដែលបានពង្រីកខ្លួនទៅជាជនជាតិម៉ីតី និងជាប្រជាជនភាគច្រើននៅរដ្ឋម៉ានីពួរ៕

