ក្លិបបាល់ទាត់ញញួរធំ West Ham បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរយកខ្សែការពារអង់គ្លេស Harry Maguire ពីបិសាចក្រហម Manchester United ក្នុងតម្លៃ ៣០ លានផោន។
Harry Maguire ដែលចាប់ផ្តើម ១១ នាក់ដំបូងរដូវកាលមុនត្រឹម ៨ លើកនៅ Premier League ត្រូវបាន West Ham ទាក់ទងច្រើនសប្តាហ៍មកហើយខណៈ Manchester United បានបដិសេធសំណើដំបូង ២០ លានផោនម្តងរួចមកហើយ។

តំណែងការពារកណ្តាលរបស់ Harry Maguire បានបាត់បង់ បន្ទាប់ពីទំរង់លេងរបស់គេធ្លាក់ចុះខ្លាំង ស្របពេលដែលអ្នកចាត់ការ Erik ten Hag ផ្តល់ទំនុកចិត្តលើ Raphael Varane និង Lisandro Martinez ខណៈដែល Vintor Lindelof ក៏ជាជម្រើស ហើយខ្សែការពារឆ្វេង Luke Shaw អាចលេងកណ្តាលបានដែរ។
រំលឹកថា Harry Maguire បានមកដល់ Old Trafford កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ៨០ លានផោនពី Leicester City ដែលជាតម្លៃផ្ទេរខ្សែការពារខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
ជាមួយគ្នានោះដែរ West Ham ក៏បានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៣០ លានផោនដូចគ្នានេះក្នុងការផ្ទេរយកខ្សែបម្រើ Southampton, James Ward-Prowse ផងដែរ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចូលលេងប្រកួតដំបូងបើករដូវកាលនេះឱ្យ Southampton ទល់នឹង Sheffield Wednesday កាលពីថ្ងៃសៅរ៍ផងដែរ មុនពេល Southampton ចាញ់ Gillingham កាលពីថ្ងៃអង្គារធ្លាក់ពី Carabao Cup ជុំដំបូង៕ អត្ថបទ៖នាង សុភាវុធ