ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឱ្យសមនឹងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការផ្ដល់សេវាតាមរយៈច្រកចេញចូលតែមួយនៅទូទាំងខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ឃើញថា មានលក្ខណៈល្អប្រសើរ ដោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ដូច្នេះសូមឱ្យអាជ្ញាធរបន្តការខិតខំប្រឹងប្រែងលើការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត ខណៈដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះរស់នៅក្នុងភាពស៊ីវិល័យ ដែលតម្រូវឱ្យការងាររបស់អាជ្ញាធរក៏ត្រូវតែស៊ីវិល័យឱ្យលឿនទាន់ចិត្តទៅតាមនោះដែរ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ ក៏បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញផងដែរ។ ដូច្នេះជាការឆ្លើយតប អាជ្ញាធរត្រូវតែបម្រើពលរដ្ឋឱ្យកាន់តែល្អថែមទៀត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ពីបញ្ហាសំរាមដែលនៅតែជាបញ្ហាដែលអាជ្ញាធរត្រូវតែបន្តយកចិត្តទុកដាក់ ដោយមិនត្រូវទុកសំរាមឱ្យនៅតាមដងផ្លូវនោះទេ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋគោរពម៉ោងពេល ដែលត្រូវយកសំរាមចេញក្រៅផ្ទះ ព្រោះការផាកពិន័យលើការចោលសំរាមក៏នឹងអនុវត្តនៅពេលឆាប់ៗនេះដែរ តែអ្វីដែលត្រូវអនុវត្តនៅពេលនេះ គឺការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាមជាមុនសិន។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសនោះក៏មានប្រសាសន៍ កោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំការពារ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយធានាបានសុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរ និងទទួលបានជោគជ័យទាំងស្រុង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






