អូស្ត្រាលី៖ នគរបាលអូស្ត្រាលីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា មនុស្ស៣នាក់បានស្លាប់ និងមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពីការបរិភោគផ្សិតពុល។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានកាលពីថ្ងៃទី៥ ខែសីហា បានឲ្យដឹងថា ក្រុមនគរបាលប្រឆាំងមនុស្សឃាត វីកតូរៀ បាននិយាយថា មនុស្ស៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលទានអាហារនៅផ្ទះឯកជនមួយកន្លែងនៅទីក្រុង Leongatha ដែលទីក្រុងមួយនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៩ ខែកក្កដា នៅពេលនោះនគរបាលបាននិយាយថាស្ត្រីពីរនាក់ វ័យ៦៦ឆ្នាំ និងវ័យ៧០ឆ្នាំ ព្រមទាំងបុរសម្នាក់វ័យ៧០ឆ្នាំបានស្លាប់ បន្ទាប់ពីឧប្បត្តិហេតុនោះ។ ជនរងគ្រោះទី៤ ភេទប្រុស វ័យ៦៨ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ក្រុមស៊ើបអង្កេតករណីឃាតកម្មបាននិងកំពុងស៊ើបអង្កេតករណីនេះ។ នគរបាលបានសម្ភាសនារីម្នាក់នោះ ដែលសារព័ត៌មាន BBC កំណត់អត្តសញ្ញាណថាឈ្មោះអ្នកស្រី Erin Patterson ជាអ្នកចម្អិនម្ហូបនៅផ្ទះរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែមិនបានធ្លាក់ខ្លួនឈឺនោះទេ។ ណគរបាលបានដោះលែងអ្នកស្រី Patterson ដោយមិនបានចោទប្រកាន់អ្វីឡើយ ប៉ុន្តែនិយាយថា អ្នកស្រីនៅតែជាជនសង្ស័យ។
នាយកដ្ឋាននគរបាល វីកតូរៀ លោកអធិការ Dean Thomas បាននិយាយថា គេមិនច្បាស់ថាផ្សិតប្រភេទណាដែលអ្នកទាំងនោះបានបរិភោគនោះទេ ប៉ុន្តែរោគសញ្ញារបស់ពួកគេគឺស្របទៅនឹងរោគសញ្ញាដែលកើតឡើងបណ្ដាលពីផ្សិតមួកមរណៈ ជាផ្សិតមានជាតិពុលខ្លាំងមួយប្រភេទ៕

