កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានជំរុញអោយសិស្សនាយនគរបាល និងនាយនគរបាលរងក្របខណ្ឌថ្មីខិតខំសិក្សា ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួននិងហាមដាច់ខាត ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលដែលមានគុណភាពសំរាប់ប្រទេសជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន បានបន្តថា សិស្ស នាយនគរបាល និងសិស្សនាយនគរបាលរង ក្របខណ្ឌថ្មីចំនួន១៩៥នាក់ សិក្សារយៈពេល៤ខែ ដែលជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្រ្តដ៏សំខាន់ និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនៗពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ។ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន ការងារដឹក-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយ នគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យមានវប្បធម៌ គុណភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្តាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃយើងទាំងអស់គ្នា។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាផងដែរ៕ អត្ថបទ៖ កាំង ហុងវាស្នា






