រុស្ស៊ី៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីកហេល ហ្គាលុហ្ស៊ីន (Mikhail Galuzin) បានថ្លែងប្រាប់សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញ បានចាប់ផ្តើមការត្រៀមលក្ខណៈផ្នែកយោធាជុំថ្មី ដោយផ្អែកលើលេសក្លែងក្លាយ។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានTASSថា៖ ការដាក់ពង្រាយកងកម្លាំងទាហានស៊ីឈ្នួលWagner របស់ PMC [ក្រុមហ៊ុនយោធាឯកជន] នៅក្នុងសាធារណៈរដ្ឋបងប្អូនរបស់យើង គឺគ្មានអ្វីក្រៅពីលេសសិប្បនិម្មិតមួយផ្សេងទៀតសម្រាប់ទីក្រុងវ៉ាសូវី ( Warsaw) ដើម្បីចាប់ផ្តើមការត្រៀមលក្ខណៈផ្នែកយោធាជុំថ្មីនោះទេ។
យោងតាមលោកហ្គាលុហ្ស៊ីន ផែនការរបស់ប៉ូឡូញ ដើម្បីពង្រឹងព្រំដែនជាមួយបេឡារុស បន្ទាប់ពីការដាក់ពង្រាយកងកម្លាំង Wagnerរបស់PMC នៅក្នុងសាធារណរដ្ឋនេះ គឺពិតជាគំរាមកំហែងដល់សន្តិសុខរបស់រដ្ឋសហភាពនេះ។
អ្នកការទូតរូបនេះ បានកត់សម្គាល់ថា៖«វាមិនងាយស្រួលទេក្នុងការពិចារណាការសម្រេចចិត្តបែបនេះ ក្រៅពីគោលនយោបាយយូរអង្វែងនៃការកសាងវឌ្ឍនភាពយោធាដ៏មានសក្ដានុពលរបស់អង្គការណាតូនៅតាមបរិវេណនៃព្រំដែនភាគខាងលិចនៃរដ្ឋសហភាពនេះ និងយោធូបនីកម្មជាក់ស្តែងរបស់ប្រទេសប៉ូឡូញ រួមជាមួយនឹងគោលនយោបាយបង្កហេតុរបស់ខ្លួនទាក់ទងនឹងប្រទេសរុស្ស៊ី និងបេឡារុស»៕

