ចិន៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន បានបញ្ជូននាវារបស់កងទ័ពជើងទឹក និងយន្តហោះចម្បាំងមួយក្រុមធំ ទៅកាន់កោះតៃវ៉ាន់ ដោយបន្តដាក់សម្ពាធយោធារបស់ខ្លួននៅលើកោះនេះ។
ប្រទេសចិន បានអះអាងថាកោះតៃវ៉ាន់ស្វ័យគ្រប់គ្រងមួយនេះ ជាទឹកដីរបស់ខ្លួន ហើយបានបញ្ជូនយន្តហោះជាទៀងទាត់ទៅកាន់កោះនេះ ដើម្បីជាប្រតិកម្មតបរាល់សកម្មភាពនយោបាយរបស់កោះនេះ។ កាលពីឆ្នាំមុន ខ្លួន ក៏បានបញ្ជូននាវារបស់កងទ័ពជើងទឹក ក៏ដូចជាយានដ្រូន ដើម្បីឆ្វែលមើលជុំវិញដែនទឹកនៅជិតកោះនេះ។
ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន ៣៣គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៦ នៅចន្លោះម៉ោង ៦ព្រឹកថ្ងៃពុធ ដល់ម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ យន្តហោះចម្បាំង J-10 និង J-16 បានហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន និងទៅភាគនិរតីនៃកោះតៃវ៉ាន់។
ក្រសួងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា យោធារបស់កោះតៃវ៉ាន់ បានតាមដាននាវាចំនួន៥គ្រឿង នៅពេលពួកគេ បានធ្វើដំណើរក្នុងការសម្របសម្រួលជាមួយនឹងការហោះហើររបស់យន្តហោះចម្បាំង៕

