ថៃ៖ រយៈពេលជិត៣ខែបន្ទាប់ពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា អនាគតនយោបាយមិនច្បាស់លាស់របស់ប្រទេសថៃ បានដាក់សម្ពាធលើសេដ្ឋកិច្ច ដែលទំនងជាពន្យារការចំណាយរបស់រដ្ឋាភិបាល ដែលជាគន្លឹះក្នុងការងើបឡើងរបស់ប្រទេសនេះក្រោយការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។
វិស័យធុរកិច្ចបានលើកឡើងពីក្តីបារម្ភអំពីល្បឿនដ៏យឺតនៃការបង្កើតរដ្ឋាភិបាលថ្មី និងការជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបង្កឱ្យមានក្តីបារម្ភថា ភាពជាប់គាំងនយោបាយអាចបង្អាក់ទំនុកចិត្តក្នុងចំណោមវិនិយោគិនបរទេស ខណៈដែលសេដ្ឋកិច្ចត្រូវការការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។
នាយកធនាគារពិភពលោកប្រចាំប្រទេសថៃ លោក Fabrizio Zarcone ហាក់ដូចជាយល់ស្របលើការលើកឡើងនោះ ដោយបាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃអង្គារនៅទីក្រុងបាងកកថា បញ្ហានយោបាយដែលអូសបន្លាយនេះ ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។
នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ប្រទេសថៃបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ៣៦៤ពាន់លានបាត (១០,៤ពាន់លានដុល្លារ) ពីគម្រោងចំនួន៨៩១គម្រោង នេះបើយោងតាមក្រុមប្រឹក្សាវិនិយោគ ជាទីភ្នាក់ងាររដ្ឋាភិបាលដែលមានភារកិច្ចទាក់ទាញអាជីវកម្មបរទេស។ តួលេខនោះនៅតែទាបជាងគោលដៅចំនួន៥០០ពាន់លានបាតសម្រាប់ឆ្នាំ២០២៣ទាំងមូល ជាពិសេសសម្រាប់ការវិនិយោគក្នុងបណ្ដាឧស្សាហកម្មដូចជាថ្នាំពេទ្យ គ្រឿងយន្ត និងរថយន្តអគ្គិសនីជាដើម៕

