ជប៉ុន៖ និស្សិតសាកលវិទ្យាល័យកូរ៉េខាងត្បូងមួយក្រុម បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ ដើម្បីតវ៉ាចំពោះផែនការរបស់ប្រទេសជប៉ុនក្នុងការបង្ហូរទឹកសំណល់មានជាតិនុយក្លេអ៊ែរចេញពីរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា ដែលរងការខូចខាតពីការរញ្ជួយដី ចូលទៅក្នុងសមុទ្រ។
កាលពីរសៀលថ្ងៃពុធ និស្សិតចំនួន២៤នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន ដោយកាន់ស្លាកសញ្ញា និងបដា ខណៈកំពុងស្រែកពាក្យស្លោកដើម្បីរិះគន់ផែនការបង្ហូរទឹក ដែលជិតមកដល់នេះ។
ពលរដ្ឋទីក្រុងតូក្យូ ប្រហែល២០នាក់ក៏បានចូលរួមការតវ៉ានេះផងដែរ ដើម្បីសម្តែងការគាំទ្ររបស់ពួកគេចំពោះនិស្សិតកូរ៉េខាងត្បូងមួយក្រុមនោះ។ ពួកគេបាននិយាយថា រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ បានជ្រើសយកការគណនាសេដ្ឋកិច្ចដោយមិនគិតពីសុវត្ថិភាពប្រជាជន ហើយកម្រិតសុវត្ថិភាពនៃផែនការបង្ហូរទឹកនេះមិនមានភាពជឿជាក់ច្បាស់លាស់នោះទេ។
ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយនៅក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់មានមេរោគនុយក្លេអ៊ែរនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលបានរងគ្រោះដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនា ឆ្នាំ២០១១ ផងដែរ៕

