អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចាមីន នេតានីយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃពុធថា មូលនិធិសាធារណៈសម្រាប់បណ្តាទីក្រុងអារ៉ាប់ នឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងដែលបានកំណត់ក្នុងការបម្រើដល់ពលរដ្ឋអារ៉ាប់ បន្ទាប់ពីការវាយតម្លៃ និងការត្រួតពិនិត្យ មួយថ្ងៃបន្ទាប់ពីការប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី ដើម្បីបញ្ឈប់ពួកគេពីការរិះគន់។
លោកនេតានីយ៉ាហ៊ូ ត្រូវបានគេដកស្រង់សម្តី ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោកថា៖«ពលរដ្ឋអារ៉ាប់របស់អ៊ីស្រាអែល សមនឹងទទួលបាននូវអ្វីដែលពលរដ្ឋទាំងអស់សមនឹងទទួលបាន ហើយខ្ញុំបានប្តេជ្ញាចិត្តចំពោះរឿងនេះ»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក បេហ្សាឡែល ស្មូទ្រិច( Bezalel Smotrich) បាននិយាយកាលពីថ្ងៃអង្គារថា លោកបានបង្កកមូលនិធិសម្រាប់បណ្តាក្រុងអារ៉ាប់ក្នុងប្រទេសអ៊ីស្រាអែល និងកម្មវិធីអប់រំឧត្តមសិក្សារបស់ប៉ាឡេស្ទីន នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ដោយផ្អែកលើមូលដ្ឋានដែលពួកគេអាចផ្តល់អត្ថប្រយោជន៍ធំធេងដល់ «អង្គការឧក្រិដ្ឋកម្ម» នៅក្នុងសហគមន៍អារ៉ាប់។
ការសម្រេចចិត្តនេះពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ២០០លានសេកែល (ប្រហែល ៥៣,៨១លានដុល្លារអាមេរិក) ដែលនឹងមានក្នុងទម្រង់ជាអាហារូបករណ៍សម្រាប់អ្នកស្រុកប៉ាឡេស្ទីន ដែលមានចំណូលទាបនៅក្រុងហ្ស៊េរុយសាឡិម ខាងកើត ដើម្បីចុះឈ្មោះចូលរៀនថ្នាក់ត្រៀមនៅសាកលវិទ្យាល័យ Hebrew ក្នុងក្រុងហ្ស៊េរុយសាឡិម និងមហាវិទ្យាល័យពីរផ្សេងទៀតនៅក្នុងទីក្រុងនេះ៕

