ជប៉ុន៖ ជើងហោះហើរជាច្រើនជើង ត្រូវបានលុបចោល ហើយរថភ្លើងបានផ្អាកកាលពីថ្ងៃពុធ ដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Khanun បានវាយលុកតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង ខណៈពេលដែលព្យុះមួយទៀតបានខិតចូលមកដល់ពីភាគខាងកើត ហើយគំរាមកំហែងទីក្រុងតូក្យូ មុនរដូវកាលវិស្សមកាលរដូវក្តៅ របស់ប្រទេសជប៉ុន។
ក្រុមអាជ្ញាធរបាននិយាយថា ព្យុះ Khanun បានបោកបក់ដល់ដីនៅក្នុងទីក្រុងកំពង់ផែ Tongyeong ភាគអាគ្នេយ៍នៃកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ មុនវាយប្រហារឧបទ្វីបកូរ៉េទាំងមូល។ ប្រជាជនរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យជម្លៀសខ្លួន និងជាច្រើននាក់ផ្សេងទៀតរងរបួសដោយសារព្យុះនេះ។
ព្យុះទីហ្វុង Khanun បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសជប៉ុន ខណៈដែលព្យុះនេះក៏បានវាយប្រហារប្រទេសកូរ៉េខាងត្បូងផងដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ទៅកាន់ផ្នែកជាច្រើននៃភាគខាងត្បូង និងភាគខាងលិចនៃប្រទេសជប៉ុន ដែលជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តបានធ្វើការព្រមានឲ្យផ្អាកការផលិតមួយចំនួន។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបាននិយាយថា ប្រទេសនេះបានចេញការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន ខណៈព្យុះ Khanun បានបង្ខំឱ្យលុបចោលជើងហោះហើរជិត៨០ជើង ព្រមទាំងបិទផ្លូវសមុទ្រ និងផ្លូវថ្នល់រាប់សិបខ្សែ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះមួយទៀតឈ្មោះថា Lan ត្រូវបានបង្កើតខ្លួនឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងនៃប្រទេសជប៉ុន ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងនៅពេលវាឆ្ពោះទៅភាគខាងជើង ដែលអាចប៉ះពាល់ដល់ទីក្រុងតូក្យូនៅដើមសប្តាហ៍ក្រោយផងដែរ៕

