អាមេរិក៖ ទោះបីជាបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ចូលជាធរមានក៏ដោយ បាតុកម្មបានធ្វើឡើងនៅក្នុងបណ្ដាប្រទេសជាច្រើន ដូចជានៅទីក្រុងញូវយ៉ក ប្រជាជនអាមេរិក-ជ្វីសបានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងសកម្មភាពរបស់ប្រទេសអ៊ីស្រាអែលក្នុងសង្គ្រាមរយៈពេល ១១ថ្ងៃដែលបានធ្វើឲ្យមនុស្សជាង ២៣០នាក់ស្លាប់ភាគច្រើនជាប្រជាជនប៉ាឡេស្ទីន។

លោក Asaf Calderon អ្នករៀបចំសំរាប់សំឡេងប្រជាជនជ្វីសដើម្បីសន្តិភាព ជាអង្គការមួយគាំទ្រទណ្ឌកម្មសហរដ្ឋអាមេរិកលើប្រទេសអ៊ីស្រាអែលនិយាយថា មានប្រជាជនជ្វីស និងប្រជាជនជ្វីស-អាមេរិកកាន់តែច្រើនឡើងៗ ដែលក្រោកឈរប្រឆាំងការគាបសង្កត់របស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីន។ រីឯនៅក្នុងទីក្រុងឈីកាហ្គោវិញ អ្នកតវ៉ាគាំទ្រប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានធ្វើការតវ៉ាតាមដងផ្លូវនៅទីប្រជុំជនទីក្រុង។ ក្រុមចម្រុះដើម្បីយុត្តិធម៌នៅរដ្ឋប៉ាឡេស្ទីនក្នុងទីក្រុងឈីកាហ្គោ បានធ្វើការតវ៉ារយៈពេល ១ថ្ងៃបន្ទាប់ពីប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់បានប្រកាសបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១១ថ្ងៃដែលបង្កឲ្យមានការបំផ្លាញជាច្រើនក្នុងតំបន់ហ្កាហ្សា។
ជាមួយគ្នានេះដែរ ប្រជាជនសេណេហ្គាល់រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងដាកា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន និងតវ៉ាប្រឆាំងប្រទេសអ៊ីស្រាអែល។ ដោយមានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលមានពាក្យស្លោកប្រឆាំងប្រទេសអ៊ីស្រាអែល បាតុករបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សា។ បាតុករម្នាក់និយាយថា ថ្ងៃនេះប្រជាជនសេណេហ្កាល់មិនគួរនៅផ្ទះទេ។ ការតវ៉ានេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធភាពជាតិ ដើម្បីបុព្វហេតុប៉ាឡេស្ទីននៅប្រទេសសេណេហ្គាល់៕
អត្ថបទ៖ ប៊ុនថន