យ៉េម៉ែន៖ ប្រធានក្រុមប្រឹក្សាថ្នាក់ជាអ្នកដឹកនាំរបស់ប្រធានាធិបតីយ៉េម៉ែន (PLC) លោក រ៉ាសាដ អាល់អាលីមី (Rashad Al-Alimi) បានជួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក ហានហ្រ្គុនបប៊ឺក (Hans Grundberg) កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តដំណើរការនយោបាយឡើងវិញសម្រាប់ការសម្រេចបានសន្តិភាពយូរអង្វែង នៅក្នុងប្រទេសយ៉េម៉ែន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba របស់ប្រទេសយ៉េម៉ែន បានរាយការណ៍ថា កិច្ចប្រជុំដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាដ ( Riyadh) របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ផ្តោតលើការបន្តដំណើរការនយោបាយឡើងវិញ ដែលមានសារៈសំខាន់ ក្នុងការលុបបំបាត់ជម្លោះដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសអារ៉ាប់ដែលបំផ្លិចបំផ្លាញដោយសង្រ្គាមនេះ។
របាយការណ៍នោះ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក អាល់អាលីមី បានបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ PLC ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលកំពុងបន្តរបស់លោកហ្គ្រុនប៊ឺក។
លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីស្តារមាគ៌ាឆ្ពោះទៅរកសន្តិភាព និងកាត់បន្ថយការលំបាកផ្នែកមនុស្សធម៌ នៅក្នុងប្រទេសយេម៉ែន៕


