ន័រវ៉ែស៖ ទំនប់មួយនៅទន្លេក្នុងប្រទេសន័រវ៉ែស បានបាក់ផ្នែកខ្លះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃពុធ (ទី៩ ខែសីហា) ដោយបានធ្វើឲ្យមានទឹកហូរកាត់តាមប្រឡោះបាក់ដ៏ធំក្នុងរចនាសម្ព័ន្ធនោះ ហើយនាយករដ្ឋមន្ត្រី បាននិយាយថា ប្រទេសគួរតែត្រៀមខ្លួន សម្រាប់ការមានទឹកជំនន់បន្ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ។
ទំនប់ទឹក Braskereidfoss នៅលើទន្លេ Glomma ដែលជាផ្លូវទឹកដ៏ធំបំផុតរបស់ប្រទេសន័រវ៉ែស មិនអាចបើកទ្វារបាននោះឡើយ បន្ទាប់ពីបន្ទប់គ្រប់គ្រងរបស់ទំនប់ ត្រូវបានជន់លិច។
ប្រទេសន័រវ៉ែសបានជម្លៀសមនុស្សជាង ៣.០០០នាក់ហើយ ក្នុងសប្តាហ៍នេះ ខណៈដែលទឹកទន្លេបានហក់ឡើងដល់កម្រិតខ្ពស់បំផុតលើកដំបូង ក្នុងរយៈពេលយ៉ាងហោចណាស់ ៥០ឆ្នាំ ហើយផ្ទះសម្បែង និងក្រុមហ៊ុនអាជីវកម្មនានា ត្រូវបានជន់លិច ឬក៏ត្រូវបានហូរនាំទៅដោយបំណាក់ដី។
ជាមួយគ្នានេះ ផ្លូវសំខាន់ៗ ត្រូវបានបិទ ហើយសេវារថភ្លើង ត្រូវបានផ្អាកនៅទូទាំងផ្នែកធំទូលាយនៃភាគខាងត្បូងប្រទេសន័រវ៉ែស ដោយសារទន្លេបានហូរច្រោះច្រាំង ហើយអាជ្ញាធរបានព្រមានអំពីការមានទឹកជំនន់បន្ថែមទៀតដែលនឹងកើតឡើងនៅថ្ងៃខាងមុខ ខណៈដែលទឹកបានហូរឆ្ពោះទៅកាន់តំបន់ឆ្នេរផ្នែកខាងក្រោម។
អ្នកនាំពាក្យនគរបាលបាននិយាយថា កម្រិតទឹកនៅទំនប់ Braskereidfoss ក្រោយមកបានស្រកចុះ ដោយហូរក្នុងស្ថានភាពគ្រប់គ្រងបាន និងគេចផុតពីការជន់លិចនៅផ្នែកខាងក្រោម។ នៅមុននេះ នគរបាល បានពិចារណាចង់បំផ្ទុះទ្វារមួយរបស់ទំនប់ ដែលមានអាយុកាល ៤៥ឆ្នាំនេះ ដើម្បីជួយសម្រាលសម្ពាធទឹក ប៉ុន្តែបានសម្រេចចិត្តមិនធ្វើបែបនោះវិញ ដោយសារការបំផ្ទុះនេះពិបាកគ្រប់គ្រង៕

