
បេសកជនរបស់ប្រទេសចិន កាលពីថ្ងៃពុធ (ទី៩ ខែសីហា) បានអំពាវនាវឲ្យភាគីជម្លោះ នៅប្រទេសស៊ូដង់បញ្ឈប់អរិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជម្លោះប្រដាប់អាវុធក្នុងប្រទេសស៊ូដង់ បានបន្តអស់រយៈពេលជិត ៤ខែហើយ ដោយធ្វើឲ្យមានការកើនឡើងនូវចំនួនជនស៊ីវិលរបួស និងស្លាប់ ហើយនិងស្ថានភាពមនុស្សធម៌ កាន់តែអាក្រក់ទៅៗ។ លោក Dai Bing ( តៃ ពីង) តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ក្នុងនាមជាមិត្តល្អ និងជាដៃគូរបស់ស៊ូដង់ ប្រទេសចិនមានការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះការវិវឌ្ឍទាំងនេះ។
លោក Bing បានប្រាប់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិថា ប្រទេសចិនសង្ឃឹមថា ដើម្បីជាផលប្រយោជន៍របស់ជាតិ និងប្រជាជនរបស់ខ្លួន ភាគីពាក់ព័ន្ធនឹងបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជំរុញឲ្យមានការបន្ធូរបន្ថយ និងដោះស្រាយជម្លោះរបស់ពួកគេ តាមរយៈការសន្ទនា ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ។
លោកលើកឡើងទៀតថា ប្រទេសចិនស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើន ដែលធ្វើឡើងដោយសហភាពអាហ្រ្វិក អាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ សម្ព័ន្ធអារ៉ាប់ និងប្រទេសក្នុងតំប ន់ដើម្បីដោះស្រាយវិបត្តិនៅស៊ូដង់។
លោកបានបញ្ជាក់បន្ថែមថា ប្រទេសចិនរំពឹងថា ប្រទេស និងអង្គការននានា ក្នុងតំបន់ នឹងពង្រឹងការសម្របសម្រួលជាមួយភាគីក្នុងប្រទេសស៊ូដង់ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលកិច្ចចរចាសន្តិភាព ហើយសហគមន៍អន្តរជាតិ និងដៃគូនានានៅខាងក្រៅតំបន់គួរតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាចាំបាច់។
បច្ចុប្បន្ន ប្រទេសស៊ូដង់កំពុងប្រឈមមុខនឹងតម្រូវការមនុស្សធម៌យ៉ាងខ្លាំងក្លា ហើយផលប៉ះពាល់នេះបានរាលដាលទៅប្រទេសជិតខាង។ ប្រទេសចិនអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយស៊ូដង់ និងប្រទេសជិតខាង បង្កើនសមត្ថភាពឆ្លើយតបមនុស្សធម៌ ពង្រីកទំហំនៃការសង្គ្រោះ និងគាំទ្រគំនិតផ្តួចផ្តើមមនុស្សធម៌ក្នុងតំបន់៕