
ក្រុមមន្ត្រីបាននិយាយថា ចំហេះព្រៃដែលជំរុញបន្ថែមដោយខ្យល់នៃព្យុះសង្ឃរាដ៏ឆ្ងាយមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៦នាក់ និងបានបង្កការខូចខាតយ៉ាងធំធេងនៅលើកោះ Maui (ម៉ូអ៊ី) នៃរដ្ឋហាវ៉ៃ កាលពីថ្ងៃពុធ (៩ សីហា) ដោយបង្ខំមនុស្សរាប់ពាន់នាក់ឲ្យជម្លៀសខ្លួន និងមានមនុស្សមួយចំនួនទៀតបានលោតចូលទៅក្នុងមហាសមុទ្រដើម្បីគេចពីផ្សែង និងអណ្តាតភ្លើងពីចំហេះនេះ។
ផ្នែកខាងលិចនៃកោះនេះ រួមទាំងរមណីយដ្ឋានទេសចរណ៍ ឡាហេណា (Lahaina) ស្ទើរតែត្រូវបានកាត់ផ្តាច់ ដោយមានតែផ្លូវហាយវេមួយខ្សែប៉ុណ្ណោះដែលនៅតែបើក ខណៈក្រុមមន្ត្រីបានរាយការណ៍ពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដោយមានរចនាសម្ព័ន្ធចំនួន២៧១ទីតាំងត្រូវបានបំផ្លាញ ហើយការខូចខាតផ្សេងទៀតនៅមិនអាចកំណត់ពីទំហំច្បាស់លាស់បាននៅឡើយ។
ស្ថានភាពនៅរដ្ឋហាវ៉ៃ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅកន្លែងផ្សេងទៀតក្នុងពិភពលោកនៅរដូវក្តៅនេះ ដោយសារចំហេះព្រៃដែលបណ្តាលមកពីកម្ដៅដ៏ខ្ពស់ បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុប។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ដែលជំរុញដោយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កំពុងកើតឡើងញឹកញាប់ និងបង្កើនអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះ ដោយពួកអ្នកវិទ្យាសាស្រ្តបានព្រមានជាយូរមកហើយថា ក្រុមមន្ត្រីរដ្ឋាភិបាលត្រូវតែកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសដើម្បីការពារគ្រោះមហន្តរាយអាកាសធាតុ៕