ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេសសម្រេចបានខ្ទង់ ២២.២៦ភាគរយ ហើយនៅត្រឹមថ្ងៃម្សិលមិញនេះ។
របាយការណ៍ដដែលនេះ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេស បានផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានដល់ទៅជាង ២លាន ២២ម៉ឺននាក់ចាប់ពីថ្ងៃចាប់ផ្ដើមយុទ្ធនាការកាលពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ។
របាយការណ៍នេះ បានឱ្យដឹងទៀតថា ដំណើរការចាក់វ៉ាក់សាំងនេះ សម្រេចបាន ២២.២៦ភាគរយ នៃចំនួនពលរដ្ឋសរុប ១០លាននាក់ ដែលរាជរដ្ឋាភិបាលបានកំណត់ចាក់វ៉ាក់សាំងជូននៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋដល់ទៅជាង ១លាន ៤៤ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅអំឡុងរយៈពេល ១០១ថ្ងៃមកនេះ។
ក្នុងរយៈពេលនេះ ប្រជាពលរដ្ឋដល់ទៅជិត ២លាន ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តដើម្បីទទួលការចាក់វ៉ាក់សាំង ប៉ុន្តែ ប្រជាពលរដ្ឋជិត ៧ម៉ឺននាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងទេដោយសារបញ្ហាសុខភាព៕
