
ប្រទេសឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី បានត្រៀមចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹក Malabar នៅឯឆ្នេរសមុទ្រស៊ីដនី (Sydney) នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) ដោយនេះជាលើកទី១ ដែលហ្គេមធ្វើសង្គ្រាម ដែលពីមុនត្រូវបានធ្វើនៅឯមហាសមុទ្រឥណ្ឌានោះ បានកើតឡើងក្នុងប្រទេសអូស្ត្រាលី។
អនុឧត្តមនាវីឯក លោក Karl Thomas មេបញ្ជាការកងនាវាចរណ៍ទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងស៊ីដនីថា សមយុទ្ធនេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់កងកម្លាំងរបស់ប្រទេសទាំង៤ ក្នុងការសហការជាមួយគ្នា។
ប្រទេសអូស្ត្រាលីបានចាកចេញពីក្រុមប្រទេសទាំង៤ ដែលគេហៅថា ចតុភាគីប្រទេស ឬ Quad ក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការតវ៉ាពីប្រទេសចិន ជុំវិញការចូលរួមរបស់ខ្លួន ក្នុងកម្មវិធីសមយុទ្ធ Malabar។
យ៉ាងណាក្ដី Quad ត្រូវបានស្រោចស្រង់ឡើងវិញ ហើយអូស្ត្រាលីបានចូលរួមជាមួយកម្មវិធីសមយុទ្ធ Malabar ម្តងទៀតនៅឆ្នាំ២០២០ ទោះបីជាចិននៅតែបន្តរិះគន់ការបង្កើតជាក្រុមនេះថា ជាការប៉ុនប៉ងទប់ស្កាត់ខ្លួនក៏ដោយ។
សូមបញ្ជាក់ថា ក្នុងសមយុទ្ធកងទ័ពទឹកនេះ នាវាមកពីប្រទេសទាំង៤ នឹងត្រូវបានចូលរួមដោយយន្តហោះចម្បាំង F-35 របស់អូស្ត្រាលី ក៏ដូចជាយន្តហោះស៊ើបការណ៍ P-8 និងនាវាមុជទឹកផងដែរ៕