
ក្រុមហ៊ុនថាមពលរបស់រដ្ឋ Energoatom បាននិយាយ នៅថ្ងៃព្រហស្បតិ៍(ទី១០ ខែសីហា)នេះ ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី ជាថ្មីម្តងទៀតបានដាច់តំណភ្ជាប់ទៅប្រើខ្សែថាមពលខាងក្រៅដ៏សំខាន់ដែលនៅសល់ចុងក្រោយរបស់ខ្លួន ពេញមួយយប់ ហើយត្រូវបានប្តូរទៅប្រើខ្សែថាមពលបម្រុងវិញ។
ក្រុមហ៊ុន Energoatom បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ កំពុងជិតដាច់ចរន្តអគ្គិសនីហើយ ដោយសារខ្សែបម្រុងមានថាមពលតិចជាងពាក់កណ្តាលនៃថាមពលរបស់ខ្សែមេ។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhizhia ដែលមានម៉ាស៊ីនរ៉េអាក់ទ័រចំនួន៦ ត្រូវបានគ្រប់គ្រងដោយយោធារុស្ស៊ី ចាប់តាំងពីថ្ងៃដំបូងនៃការលុកលុយរបស់ទីក្រុងម៉ូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
រោងចក្រនេះបានក្លាយជាចំណុចស្នូលមួយនៃជម្លោះ ដោយភាគីទាំង២ បានឆ្លើយដាក់គ្នាទៅវិញទៅមក ចំពោះការបាញ់ផ្លោងដាក់ជុំវិញរោងចក្រ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាន និងកំពុងព្យាយាមបង្កើតយន្តការសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់នានា។ សម្រាប់ពេលនេះ ម៉ាស៊ីនរ៉េអាក់ទ័រទាំង៦ របស់រោងចក្រ មិនបានផលិតថាមពលអគ្គិសនីទៀតទេ៕