
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនសោកស្តាយយ៉ាងខ្លាំង និងជំទាស់ដាច់ខាត ចំពោះការប្រកាសពីការរឹតត្បិតដែលសម្រេចចិត្តតែម្នាក់ឯងលើការវិនិយោគ នៅក្នុងប្រទេសចិនធ្វើឡើងដោយសហរដ្ឋអាមេរិក និងបានរៀបចំចំណាត់ការហ្មត់ចត់ចំពោះភាគីអាមេរិក។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅទីក្រុងប៉េកាំង ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើក្រិត្យប្រតិបត្តិលើការបង្កើតការពិនិត្យមើលយន្តការស្តីពី ការវិនិយោគក្រៅប្រទេស និងការរឹតត្បិតការវិនិយោគរបស់អង្គភាពអាជីវកម្មសហរដ្ឋអាមេរិកក្នុងវិស័យបន្ទះអេឡិចត្រូនិក គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រកម្រិតខ្ពស់ និងបញ្ញាសប្បនិម្មិត នៅក្នុងប្រទេសចិន។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ការរឹត្បិតការវិនិយោគរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន ដោយយកលេសបញ្ហាសន្តិសុខជាតិជាគោលដៅ គឺជាសកម្មភាពដ៏ច្បាស់លាស់នៃការពង្រីកទស្សនៈសន្តិសុខធំហួសហេតុនិងយកកិច្ចព្រមព្រៀងពាណិជ្ជកម្មធ្វើជាបញ្ហានយោបាយ។ គោលបំណងពិតប្រាកដនៃចំណាត់ការនេះគឺដើម្បីរារាំងសិទ្ធិរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍និងស្វែងរកឧត្តមភាពបែបអាត្មានិយមសម្រាប់អាមេរិកខ្លួនឯងមិនខ្វល់ពីប្រទេសដទៃ។
នេះគឺជាការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកបច្ចេកវិទ្យាដោយឥតលាក់លៀម ជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យមានអស្ថិរភាពដល់សង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ព្រមទាំងប៉ះពាល់ដល់ផលប្រយោជន៍ទាំងប្រទេសចិន សហរដ្ឋអាមេរិក និងសហគមន៍ពាណិជ្ជកម្មសកល។