ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន CNN ថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពយ៉ាងហោចណាស់ ១៧ នាក់នៅលើឆ្នេរសមុទ្រនៅសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីទូកជនជាតិរ៉ូហ៊ីងយ៉ាមួយគ្រឿងបានក្រឡាប់លិចពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ។
លោក Bya Latt អ្នកនាំពាក្យក្រុមជួយសង្គ្រោះអង្គការមូលនិធិ Shwe Yaung Matta បាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានស្ត្រី ១០ នាក់ និងបុរស ៧ នាក់ ដែលសុទ្ធសឹងតែជាជនមូស្លីមរ៉ូហ៊ីងយ៉ា។
សោកនាដកម្មនេះ បានកើតឡើងនៅជិតទីក្រុងស៊ីតវេ (Sittwe) នៃរដ្ឋរ៉ាឃីន។ លោក Latt បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួនប្រាំបីនាក់ត្រូវបានរកឃើញ ហើយបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅប៉ុស្តិ៍នគរបាលក្នុងតំបន់។
មន្ត្រីនគរបាលក្រុងស៊ីតវេ (Sittwe) បានប្រាប់សារព័ត៌មាន CNN ថា ទូកដឹកមនុស្ស ៥៨នាក់ រួមមានទាំងអ្នកបើកបរទូក៣នាក់។
មន្ត្រីរូបនេះបាននិយាយថា ពួកគេបានជួបជាមួយព្យុះនៅសមុទ្រ ហើយទូកបានលិចក្រោមរលកធំៗ។ ប្រតិបត្តិការជួយសង្គ្រោះចម្រុះដោយនគរបាលមូលដ្ឋាន និងអង្គការមូលនិធិសង្គ្រោះនៅបន្ត ខណៈមនុស្ស ៣៣ នាក់នៅបាត់ខ្លួននៅឡើយ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមកពីក្រុងផ្សេងៗគ្នារួមមានក្រុង Rathedaung Maungdaw( រ៉ាតេដោងម៉ោងដោ) និងក្រុង Buthidaung ( ប៊ូធីដោង)។