
ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះ ថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងព្យុះត្រូពិច Khanun ខណៈវាត្រូវបានគេរំពឹងថានឹងបក់បោកឆ្លងកាត់រដ្ឋធានីព្យុងយ៉ាង។
នៅក្នុងវីដេអូដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញឲ្យឃើញ ដើមឈើ និងដំណាំបានយោលយោគតាមខ្យល់បក់ខ្លាំង ខណៈទឹកបានហូរកាត់តាមអូរ និងទន្លេ។
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់ប្រទេសនេះបាននិយាយថា មន្ត្រី និងបុគ្គលិកឧស្សាហកម្មថាមពលអគ្គិសនីកំពុងចាត់វិធានការទាន់ពេលវេលា ដើម្បីទប់ទល់នឹងព្យុះទីហ្វុង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា យោធា និងគណបក្សកាន់អំណាច ត្រូវបានបញ្ជាឱ្យត្រៀមវិធានការកាត់បន្ថយទឹកជំនន់ និងសង្គ្រោះផលដំណាំ។
យោងតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ដោយបានបន្ថយពីព្យុះទីហ្វុងទៅជាព្យុះត្រូពិច ព្យុះKhanun ត្រូវបានគេព្យាករណ៍ថានឹងធ្វើឲ្យមានបំណាក់ដីនៅ ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ។