
យោងតាមទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់របស់ប្រទេសស្វីស IQAir បានឲ្យដឹងថា រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ (ទី៩ ខែសីហា) បានជាប់ចំណាត់ថ្នាក់លំដាប់កំពូល ក្នុងបញ្ជីទីក្រុង ដែលមានការបង្កកង្វក់ខ្លាំងបំផុតរបស់ពិភពលោក ដោយជាប់ចំណាត់ថ្នាក់មិនប្រែប្រួលក្នុងចំណោមទីក្រុងទាំង១០ ដែលបង្កកង្វក់ខ្ពស់បំផុតទូទាំងពិភពលោក គិតចាប់តាំងពីខែឧសភាមក។
IQAir បានបង្ហាញថា ទីក្រុងហ្សាការតាដែលមានប្រជាជនជាង ១០លាននាក់ ជាប់ឈ្មោះកម្រិតបង្កកង្វក់ខ្យល់មិនល្អស្ទើរតែរៀងរាល់ថ្ងៃ ហើយទោះបីជាទីក្រុងនេះមិនជាប់ចំណាត់ថ្នាក់លេខ១ រៀងរាល់ថ្ងៃ ក្នុងបញ្ជីទីក្រុងដែលបង្កកង្វក់ខ្លាំងបំផុតរបស់ IQair ក៏ដោយ ក៏ក្រាហ្វិកគុណភាពខ្យល់ជាប្រវត្តិសាស្ត្រ បង្ហាញថា ក្រុងនេះជាប់ចំណាត់ថ្នាក់ទីកំពូលទាំង១០។
អ្នករស់នៅក្រុងហ្សាការតា បានត្អូញត្អែរពីខ្យល់កង្វក់ ដោយសារចរាចរណ៍ដែលមានមិនដាច់ ផ្សែងឧស្សាហកម្ម និងរោងចក្រថាមពលធ្យូងថ្ម។ អ្នកខ្លះបានចាប់ផ្តើម និងឈ្នះបណ្តឹងរដ្ឋប្បវេណី នៅឆ្នាំ២០២១ ដោយទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការ ដើម្បីគ្រប់គ្រងការបង្កកង្វក់ខ្យល់នេះ។
តុលាការ នាពេលនោះ បានសម្រេចឲ្យប្រធានាធិបតី លោក Joko Widodo ត្រូវតែបង្កើតស្តង់ដារគុណភាពខ្យល់របស់ជាតិ ដើម្បីការពារសុខភាពមនុស្ស ហើយរដ្ឋមន្ត្រីសុខាភិបាល និងអភិបាលក្រុងហ្សាការតា ត្រូវតែបង្កើតយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រងការបង្កកង្វក់ខ្យល់នេះ។
តែយ៉ាងណាក្ដី លោក Nathan Roesstandy សហស្ថាបនិកនៃកម្មវិធីគុណភាពខ្យល់ Nafas Indonesia បាននិយាយថា កម្រិតនៃការបង្កកង្វក់ បានបន្តធ្លាក់ចុះ៕