
អាជ្ញាធរកូរ៉េខាងត្បូង បានជម្លៀសមនុស្សជាង ១០.០០០នាក់ និងបិទសាលារៀន ក្នុងតំបន់ ដែលរងគ្រោះដោយទឹកជំនន់ ខណៈដែលព្យុះត្រូពិក Khanun បានបោកបក់មកលើឧបទ្វីប នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) ដោយបានវាយលុកភាគខាងត្បូងប្រទេសជប៉ុនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
នៅក្នុងរូបភាពវីដេអូ និងរូបថត ដែលផ្តល់ដោយទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិរបស់កូរ៉េខាងត្បូង គេឃើញអ្នកជួយសង្គ្រោះ កំពុងជម្លៀសអ្នកស្រុកដែលជាប់ទៅណាមិនរួច និងទាញឡានដែលលិចទឹកចេញ។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបានឲ្យដឹងថា ជើងហោះហើរចំនួន ៣៥០ជើង និងផ្លូវរថភ្លើងចំនួន ៤១០ខ្សែ ត្រូវបានផ្អាក ហើយមនុស្សជាង ១០.០០០នាក់ ត្រូវបាននាំទៅកាន់ទីសុវត្ថិភាព។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួសនោះទេ។
ទីភ្នាក់ងារអាកាសធាតុ បានឲ្យដឹងថា ព្យុះនេះបាននាំមកនូវកម្រិតទឹកភ្លៀងរហូតដល់ ៦០មីលីម៉ែត្រ ក្នុងមួយម៉ោង នៅទីក្រុងឆ្នេរសមុទ្រភាគខាងកើតមួយចំនួន និងល្បឿនខ្យល់អតិបរមា ១២៦គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅទីក្រុងកំពង់ផែភាគអាគ្នេយ៍នៃទីក្រុងប៊ូសាន៕