
នគរបាលបានឲ្យដឹងថា នគរបាលសន្តិសុខជាតិហុងកុង នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) បានចាប់ខ្លួនមនុស្ស ១០នាក់ពីបទសមគំនិតឃុបឃិតជាមួយកងកម្លាំងបរទេស និងញុះញង់ឲ្យមានកុបកម្មទាក់ទងនឹងមូលនិធិ ដែលត្រូវបានបំបែក នាពេលនេះ សម្រាប់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។
នគរបាលបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា បុរស ៤នាក់ និងស្ត្រី ៦នាក់ ដែលមានអាយុចន្លោះពី ២៦ ទៅ ៤៣ឆ្នាំ ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានឃុបឃិតជាមួយ «មូលនិធិជំនួយមនុស្សធម៌ ៦១២» ដើម្បីយកអំណោយពីអង្គការនានា នៅបរទេស ដើម្បីជួយឧបត្ថម្ភក្រុម ដែលគាំទ្រប្រជាជននិរទេស ឬជំរុញឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងហុងកុង។
តែយ៉ាងណាក្ដី នគរបាលមិនបានបង្ហាញអត្តសញ្ញាណមនុស្សទាំង ១០នាក់នេះទេ ប៉ុន្តែបាននិយាយថា ផ្ទះ និងការិយាល័យរបស់ពួកគេ កំពុងត្រូវបានឆែកឆេរ ហើយឯកសារ និងឧបករណ៍អេឡិចត្រូនិក ត្រូវបានរឹបអូស។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ លោក Bobo Yip ត្រូវបាននគរបាលចាប់ខ្លួន នៅសៀលថ្ងៃព្រហស្បតិ៍នេះ។
មូលនិធិជំនួយសង្គ្រោះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីជួយបង់ថ្លៃផ្លូវច្បាប់ និងថ្លៃព្យាបាលអ្នកតវ៉ា ដែលត្រូវបានចាប់ខ្លួន។ នគរបាលបាននិយាយថា ជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយក៏មិនបានបដិសេធនោះដែរថា នឹងមានការចាប់ខ្លួនបន្ថែមទៀត៕