ក្លិបបាល់ទាត់ញញួរធំ West Ham ទីបំផុតបាននាំចូលកីឡាករដំបូងក្នុងរដូវក្តៅនេះ ក្រោយប្រកាសពីការមកដល់ របស់ខ្សែបម្រើម៉ិកស៊ិក Edson Alvarez ក្នុងតម្លៃផ្ទេរ ៣៥ លានផោនពីក្លិបហូឡង់ Ajax Amsterdam។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះគឺជាសមាជិកសំខាន់របស់ក្រុមជម្រើសជាតិម៉ិកស៊ិកដែលឈ្នះជើងឯកអាមេរិកកណ្តាល CONCACAF Gold Cup នៅសហរដ្ឋអាមេរិកថ្មីៗនេះ។
ចាប់តាំងពីការចាកចេញរបស់ប្រធានក្រុម Declan Rice ទៅកាន់ Arsenal ក្នុងតម្លៃ ១០៥ លានផោននោះ West Ham ទើបតែកាន់លុយទិញបាន Alvarez ម្នាក់ប៉ុណ្ណោះ។

កាលពីវ័យ ១៦ ឆ្នាំ Edson Alvarez បានចូលរួមជាមួយក្រុមយុវជន Club America នៅម៉ិកស៊ិក មុនពេលផ្លាស់មកកាន់ Ajax នៅឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ១៧ លានដុល្លារអាមេរិក និងបានបង្ហាញខ្លួនឱ្យ Ajax មកទល់ពេលនេះ ៩៨ ប្រកួតរកបាន ១០ គ្រាប់ឈ្នះជើងឯកលីគកំពូលហូឡង់ ២លើក។
ជាមួយគ្នានោះដែរខ្សែបម្រើប្រេស៊ីល Lucas Paqueta ក៏កំពុងទទួលការចាប់អារម្មណ៍ពី Manchester City ផងដែរដោយក្លិបជើងឯក ៣ ពានមួយនេះហ៊ានឱ្យថ្លៃដល់ ៧០ លានផោន។
West Ham ក៏ទើបតែឈានដល់កិច្ចព្រមព្រៀងផងដែរជាមួយ Manchester United ក្នុងការផ្ទេរខ្សែការពារអង់គ្លេស Harry Maguire ក្នុងតម្លៃ ៣០លានផោន៕ អត្ថបទ៖នាង សុភាវុធ
