អេក្វាឌ័រ៖ ក្រុមអ្នកស្រុកក្នុងរដ្ឋធានីរបស់ប្រទេសអេក្វាឌ័រត្រូវបានបង្ហាញការខឹងសម្បា និងភ័យខ្លាចកាលពីថ្ងៃព្រហស្បតិ៍ ទី១០ សីហា ដោយសារការធ្វើឃាតបេក្ខជនប្រធានាធិបតី លោក ហ្វើណានដូ វីឡាវីសេនស៊ីយ៉ូ (Fernando Villavicencio)។
លោក វីឡាវីសេនស៊ីយ៉ូ ដែលជាអ្នករិះគន់អំពីអំពើពុករលួយ និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃពុធ ៩ សីហា អំឡុងពេលព្រឹត្តិការណ៍យុទ្ធនាមួយនៅការល្ងាចនៅភាគខាងជើងរដ្ឋធានីគីតូ។
ប្រជាជនអេក្វាឌ័របាននិយាយថា ឃាតកម្មលើរូបលោក ឆ្លុះបញ្ចាំងពីរលកនៃអសន្តិសុខនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ហើយនាំមកនូវបញ្ហានៃការកើនឡើងអំពើហិង្សា។ ក្រុមអ្នកស្រុកអំពាវនាវឲ្យរដ្ឋាភិបាលថ្នាក់ជាតិចាត់វិធានការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មបែបនេះ។
អំពើហិង្សានៅក្នុងប្រទេសអេក្វាឌ័រ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងទីក្រុងនានានៅតាមបណ្តោយច្រកជួញដូរគ្រឿងញៀនដូចជា ទីក្រុង ហ្គូយ៉ាឃ្វីល(Guayaquil) និង ទីក្រុងអ៊ីស្មេរ៉ាលដាស( Esmeraldas) ជាកន្លែងដែលពលរដ្ឋនិយាយថាពួកគេរស់នៅក្នុងភាពភ័យខ្លាច។
ក្រុមអ្នកតវ៉ាពោពេញដោយកំហឹង បានប្រមូលផ្តុំគ្នានៅខាងក្រៅគ្លីនិក ជាទីដែលលោក ណានដូ វីឡាវីសេនស៊ីយ៉ូ បានស្លាប់បន្ទាប់ពីលោកត្រូវបានគេបាញ់នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយប៉ុន្មានម៉ោងមុន។
ការដង្ហែក្បួនជាច្រើនផ្សេងទៀតបានចាប់ផ្តើមនៅក្នុងទីក្រុងផ្សេងទៀត រួមទាំងស្រុក អាឡូស (Alaus) ដែលជាស្រុកកំណើតរបស់ លោកផងដែរ៕

