ខ្សែការពារក្លិបប្រេស៊ីល Fluminense, Marcelo ត្រូវបានសមាគមកីឡាបាល់ទាត់អាមេរិកខាងត្បូង CONMEBOL សម្រេចដាក់ពិន័យមិនឱ្យចូលលេង ៣ ប្រកួតក្រោយបង្កររបួសធ្ងន់ធ្ងរលើគូប្រកួតអំឡុងការប្រកួតនៅក្របខណ្ឌ Copa Libertadores សប្តាហ៍មុន។

កីឡាករវ័យ ៣៥ ឆ្នាំអតីតកីឡាកររបស់ Real Madrid រូបនេះក៏ត្រូវបានផាកពិន័យជាទឹកប្រាក់ ៦០០០ ដុល្លារផងដែរចំពោះកំហុសនេះ។
អំឡុងការប្រកួតនៃក្របខណ្ឌ Libertadors សប្តាហ៍មុន Marcelo បានធ្វើឱ្យខ្សែការពាររបស់ក្លិប Argentinos Juniors, Luciano Sanchez រងរបួសបាក់ជើងឆ្វេងគួរឱ្យរន្ធត់។
Marcelo ក្រោយមកបានបង្ហាញនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា “ខ្ញុំមានពេលវេលាដ៏លំបាកមួយនៅលើទីលាន កំហុសដែលបង្ករឡើងថ្ងៃនេះលើមិត្តរួមអាជីពធ្វើឱ្យខ្ញុំមានការសោកស្តាយ”។
Marcelo ដែលបង្ករកំហុសដោយអចេតនានោះ ក៏ទទួលបានកាតក្រហមភ្លាមៗ តែមិនបានបង្ហាញអារម្មណ៍ខឹង តវ៉ានឹងអាជ្ញាកណ្តាលឡើយ និងបានសម្រក់ទឹកភ្នែកនៅលើទីលានក្រោយកំហុសរបស់ខ្លួនធ្វើឱ្យមិត្តរួមអាជីពរបួសធ្ងន់ធ្ងរបែបនេះ៕ អត្ថបទ៖នាង សុភាវុធ
