កីឡាករវាយកូនបាល់អូស្រ្តាលី Nick Kyrgios បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍ Grand Slam, US Open ហើយដោយសារបញ្ហារបួស។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះ មានរបួសញាំញីខ្លាំងក្នុងឆ្នាំ ២០២៣ នេះ ដោយបានចូលរួមការប្រកួតតែមួយកម្មវិធីគត់នៅក្នុងក្របខណ្ឌ ATP Tour។
Kyrgios បានអវត្តមានពីការប្រកួត Grand Slam, Wimbledon ដោយសារបញ្ហាកដៃ ហើយកាលពីដើមឆ្នាំ របួសជង្គង់ និងប្រអប់ជើងធ្វើឱ្យគេអវត្តមានពី Australian Open និង French Open ផងដែរ។

អវត្តមានពីការប្រកួតនានាក្នុងឆ្នាំនេះ ធ្វើឱ្យ Nick Kyrgios ធ្លាក់ចំណាត់ថ្នាក់ដល់លេខ ៩២ ពិភពលោក។
រំលឹកពីឆ្នាំ ២០២២ វិញ Nick Kyrgios មានរដូវកាលដ៏ល្អរបស់ខ្លួនដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ Wimbledon លើកដំបូងក្នុងអាជីព និងហក់ដល់ចំណាត់ថ្នាក់លេខ ១១ ពិភពលោក។
ព្រឹត្តិការណ៍ Grand Slam, US Open នឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែសីហានេះ បញ្ចប់នៅថ្ងៃទី ១០ ខែកញ្ញា៕ អត្ថបទ៖នាង សុភាវុធ
