ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រារព្ធទិវាសល្យសាស្ត្រ និងសម្ភព-រោគស្រ្តី លើកទី១ ក្រោមប្រធានបទ៖ “ បង្កើនគុណភាពក្នុងការសង្គ្រោះ ព្យាបាលស្ត្រី និងទារក ” នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។
សាស្ត្រាចារ្យ កែវ មួយស្រូយ នាយករងមជ្ឈមណ្ឌល និង ជាប្រធានគណៈកម្មការវេជ្ជ សាស្ត្រពិគ្រោះយោបល់ បានលើកឡើងថា ទិវាសល្យសាស្ត្រ និងសម្ភព-រោគស្រ្តី លើកទី១ ប្រារព្ធឡើងក្នុងគោលបំណងពិភាក្សាអំពីការអនុវត្ត នៃការថែទាំ និងព្យាបាលអ្នកជំងឺ ចែករំលែកបទពិសោធន៍ ដើម្បីបង្កើនការយល់ដឹងក្នុងការផ្តល់សេវាឱ្យមានគុណភាព និងបង្ហាញរបកគំហើញថ្មីៗ នៃការព្យាបាល ដើម្បីពង្រឹងគុណភាព នៃការផ្តល់សេវាសុខភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានថ្លែងថា ប្រាកដណាស់ ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងរបស់យើងកាន់តែមានប្រសិទ្ធភាព នោះការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដើរតួនាទីសំខាន់ណាស់ ក្នុងនោះយន្តការសំខាន់មួយ គឺការរៀបចំទិវាសល្យសាស្ត្រ និងសម្ភព រោគស្ត្រី ដូចដែលយើងបានរៀបចំនៅថ្ងៃនេះ។ ការសិក្សាផ្លូវការ ឬថាការរៀនសូត្រនៅសាលា គឺបានបញ្ចប់ទៅហើយមែន តែការសិក្សាបន្ត គឺនៅតែមានជាប្រចាំ ដើម្បីបង្កើនសមត្ថភាពផង និងដើម្បីឱ្យសមស្របតាមការប្រែប្រួលនៃបញ្ហាសុខភាព ក៏ដូចជាបច្ចេកទេស បច្ចេកវិទ្យាក្នុងការថែទាំព្យាបាល និងលើកសម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជារួម និងជាពិសេសចំពោះស្ត្រីជាមាតា និងទារក។ យើងពិតជាមិនអាចមើលរំលងបានទេពីការរួមចំណែកបណ្ដុះបណ្តាលរបស់គ្រឹះស្ថានអប់រំសុខាភិបាល មានដូចជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដូចដែលមានតំណាងមកចូលរួមជាមួយយើងផងដែរនៅថ្ងៃនេះ ការបណ្តុះបណ្តាលគឺ បណ្តុះមូលដ្ឋានយ៉ាងតិចបី៖
-មូលដ្ឋានទីមួយ គឺជំនាញបច្ចេកទេស បច្ចុប្បន្ន ការបណ្តុះបណ្តាលបច្ចេកទេសកាន់តែសម្បូរបែប កាន់តែទំនើប តែក៏មានភាពចាំបាច់ផងដែរ ក្នុងការផ្សារភ្ជាប់និងការអនុវត្តជាក់ស្ដែងផងដែរ។
-មូលដ្ឋានទីពីរ ជំនាញទន់ ឬហៅថាបំណិនជីវិតដូចជា បំណិនក្នុងការប្រាស្រ័យទាក់ទង បំណិនក្នុងការសហការ ការងារគ្នា បំណិនក្នុងការថែទាំខ្លួន ពិសេសការគ្រប់គ្រងភាពតានតឹងចិត្ត ការបែងចែកការងារ និងជីវិតផ្ទាល់ខ្លួន ជាដើមក៏ត្រូវ បានយកចិត្តទុកដាក់ និងបណ្តុះបណ្តាលដល់និស្សិតពេទ្យផងដែរ ហើយដែលយើងក៏ត្រូវពង្រឹងពង្រីកបន្ថែមទៀតផងដែរ។
-មូលដ្ឋានទីបី គឺការអប់រំសីលធម៌ គុណធម៌ សុជីវធម៌ ជារួម និងជាពិសេសគឺក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ពេលយើងបញ្ចប់ការសិក្សានៅសាលាហើយ ពេលយើងចូលមកបំពេញការងារហើយ ការបណ្តុះបណ្តាល ជាលក្ខណៈរំលឹកក្តី ជាលក្ខណៈសិក្សាបន្ថែមក្តី ក៏នៅតែផ្តោតជាសំខាន់លើមូលដ្ឋានទាំងបីនេះដដែល គឺសមត្ថភាពបច្ចេកទេស បំណិនជីវិត និងក្រមសីលធម៌ ដោយជ្រកក្រោមម្លប់សន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ចំរើន សូមលើកយករឿងរាវមួយចំនួនមកចែករំលែកជូនសហភាតរៈទាំងអស់គ្នា! យើងប្រហែល ជានៅចាំបានថា ក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ពិសេសការរាតត្បាតនៅព្រះរាជាណាចក្រកម្ពុជា គឺនៅទីនេះហើយ ដែលការបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការផ្ដល់វាក់សាំងកូវីដ១៩ ត្រូវបានធ្វើឡើងមុនគេ។ ហើយក៏នៅទីនេះដែរ ដែលជាកន្លែងសង្គ្រោះ និងព្យាបាលស្ត្រីមានផ្ទៃពោះត្រូវសម្រាល ហើយជាអកុសលបានឆ្លងជំងឺកូវីដ១៩ នៅដំណាក់កាលនោះ យើងហាក់មានការលំបាក តែយើងក៏បានតស៊ូពុះពារ មិនរាថយ មិនរត់ចោលការងារ មិនរត់ចោលសហភាតរៈ មិនរត់ចោលអ្នកជំងឺ ជាលទ្ធផលគឺនៅពេលនេះ យើងគួរតែមានមោទនភាពចំពោះខ្លួនឯង។ រឿងនេះឆ្លុះបញ្ចាំងពីការបំពេញ ការងារតាមបច្ចេកទេសផង ការប្រើប្រាស់បំណិនជីវិតផង និងក្រមសីលធម៌វិជ្ជាជីវៈផងដែរ៕ អត្ថបទ៖ រដ្ឋា






