ស៊ូដង់៖ ជម្លោះក្នុងប្រទេសស៊ូដង់ ដែលបានចាប់ផ្ដើមកាលពីពាក់កណ្ដាលខែមេសា បានរុញប្រព័ន្ធអប់រំដែលកំពុងទុនខ្សោយស្រាប់ផងនោះ ឲ្យដួលរលំ ដោយមានសាលាជាច្រើន បានបិទទ្វារ ឬ យកធ្វើជាកន្លែងស្នាក់នៅសម្រាប់ជនភៀសខ្លួន ហើយ ការប្រឡងបញ្ចប់ឆ្នាំថ្នាក់ជាតិសំខាន់បំផុត ត្រូវបានលុបចោល។
ជម្លោះនេះបានបង្កឲ្យមានការប្រយុទ្ធគ្នារាល់ថ្ងៃ នៅតាមផ្លូវនានាក្នុងរដ្ឋធានៅខាទុំ (Khartoum) ជាការកម្រើកឡើងវិញនៃការវាយប្រហារដែលមានគោលដៅជនជាតិភាគតិចនៅក្នុងតំបន់ ដាហ្វួរ (Darfur) និងការផ្លាស់ទីលំនៅរបស់មនុស្សជាង៤ លាននាក់នៅក្នុងប្រទេសស៊ូដង់ និងឆ្លងកាត់ព្រំដែនរបស់ខ្លួនចូលទៅកាន់ប្រទេសជិតខាងផ្សេងទៀត ។
យោងតាមអង្គការសហប្រជាជាតិ សាលារៀនយ៉ាងហោចណាស់៨៩កន្លែង ទូទាំងរដ្ឋចំនួន៧ កំពុងត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់ពលរដ្ឋភៀសខ្លួន ដោយបង្កើនក្ដីបារម្ភថា កុមារជាច្រើននឹងពុំមានឱកាសចូលសាលានៅឆ្នាំសិក្សាថ្មីនិងអាចង្កឲ្យមានការកេញ្ចប្រវ័ញ្ចពលកម្មនិងរំលោភបំពានលើកុមារ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលុបចោលការប្រលងបញ្ចប់ឆ្នាំដ៏សំខាន់នៅតាមសាលា នៅក្នុងតំបន់ទាំងឡាយដែលរងផលប៉ះពាល់ដោយសារសង្គ្រាម ។
មនុស្សមួយចំនួនក្នុងចំណោមអ្នកទាំងឡាយដែលបានរត់គេចចេញពីប្រទេសស៊ូដង់ កំពុងព្យាយាមចូលទៅសិក្សានៅតាមសាលារៀន និងសាកលវិទ្យាល័យនានានៅខាងក្រៅព្រំដែនរបស់ខ្លួន រួមទាំង នៅក្នុងប្រទេសអេហ្ស៊ីប ។ ប៉ុន្តែ នៅក្នុងប្រទេសឆាដវិញ ជាទីដែលមានជនភៀសខ្លួនជាង៣៧៧.០០០នាក់ បានទៅដល់ ពុំមានជម្រើសបែបនេះឡើយ។
លោក អារ៉ាហ្វា អ៊ីប្រាហ៊ីម (Arafa Ibrahim)ដែលជានិសិត្សពេទ្យជនជាតិស៊ូដង់ម្នាក់ នៅក្នុងប្រទេសឆាដ បាននិយាយថា ពួកគេ នឹងវិលទៅរកចំណុចសូន្យ ប្រើសិនបើ ពួកគេពុំបានរៀនសូត្រអ្វីសោះនោះ។ យោងតាមអង្គការជួយសង្រ្គោះកុមារ Save the children ពេលនេះ ចំនួនកុមារពុំបានចូលសាលាបានកើនឡើងពី៦ ,៩ លាននាក់ ដល់ ៩លាននាក់ ខណៈដែលកុមារគ្រប់អាយុចូលសាលារៀនជាង១លាននាក់ បានភៀសខ្លួន និងសាលារៀន យ៉ាងហោចណាស់សាលារៀនចំនួន ១០.៤០០កន្លែង ត្រូវបានបិទទ្វារ ចាប់តាំងពីការវាយប្រយុទ្ធគ្នាបានចាប់ផ្ដើម៕

