ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ហើយនិងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើន ទំហំដីបន្ថែមទៀត ដើម្បីធានាការថែរក្សាការពារនូវសត្វព្រៃស្ថិតនៅតំបន់ភូមិភាគឦសានទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
កាលពីមុនដែនជម្រកសត្វព្រៃ«ព្រៃឡង់» គឺមានទំហំដី៤៣១ ៦៨៣ ហើយត្រូវរាជរដ្ឋាភិបាលបង្កើនទៅដល់៤៨៩ ៦៦៣ហិកតា ខណៈដែនជម្រកសត្វព្រៃភ្នំណាមលៀរ កែប្រែពីផ្ទៃដីទំហំ៤៧ ៥០០ហិកតា មកផ្ទៃដីទំហំ៦៤ ៨៣៥ហិកតា ។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះបានបញ្ជាក់ការដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែទំហំដីនៅដែនជម្រកសត្វព្រៃទាំងពីរ ខាងលើនេះគឺមានគោលបំណង ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ ដោយមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយ នៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។
រាជរដ្ឋាភិបាលបានប្រគល់តួនាទីឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តដែលជាប់ពាក់ព័ន្ធដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផងដែរ។
លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
រាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាល នៃគណៈនានា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅផងដែរ។
បើយោងតាមអនុក្រឹត្យកែប្រែរបស់រាជរដ្ឋាភិបាល ដែលបានចេញផ្សាយជាសាធារណៈនោះ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ គឺមានដែនជម្រកសត្វព្រៃ និងតំបន់ឧទ្យានជាតិចំនួន១៩ហើយនៅទូទាំងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែដោយបង្កើនទំហំដី និងឧទ្យាន មួយចំនួនតូចទៀតត្រូវបានកាត់ឃ្វៀលដី ដើម្បីធានាការថែរក្សា ការពារសោភណភាពធម្មជាតិ ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ ដោយមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិជាដើម៕ អត្ថបទ៖ បាន ចក់