កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផលិតសម្ភារៈនុយក្លេអ៊ែរនៅឆ្នាំ២០២៣ ហើយកំពុងគេចចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលមានគោលបំណងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់រដ្ឋធានីព្យុងយ៉ាង នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលមិនបានផ្សព្វផ្សាយ និងបនាឃើញដោយសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍។
អង្គការឃ្លាំមើលទណ្ឌកម្មឯករាជ្យបានសរសេរនៅក្នុងរបាយការណ៍ទៅកាន់គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា «បន្ទាប់ពីកម្រិតបំបែកកំណត់ត្រានៃចោរកម្មតាមអ៊ីនធឺណិតក្នុងឆ្នាំ២០២២ ដែលត្រូវបានប៉ាន់ស្មានថាចំនួន១,៧ពាន់លានដុល្លារមក តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពួកចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង បានបន្តកំណត់គោលដៅលួចយកបានដោយជោគជ័យនូវរូបិយវត្ថុគ្រីបតូ និងប្រតិបត្តិការដោះដូរហិរញ្ញវត្ថុផ្សេងទៀតនៅទូទាំងពិភពលោក»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ មេដឹកនាំកូរ៉េខាងជើង លោក គីំ ជុងអ៊ុន បានជំនួសតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់យោធា ហើយបានអំពាវនាវឱ្យមានការត្រៀមបន្ថែមទៀតសម្រាប់លទ្ធភាពនៃសង្គ្រាមដែលអាចកើតមាន ដោយជំរុញការផលិតសព្វាវុធ និងពង្រីកសមយុទ្ធយោធា។
កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៦មក។ វិធានការទាំងនោះត្រូវបានពង្រឹងជាឯកច្ឆ័ន្ទក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែស្ថាប័នដែលមានសមាជិក១៥ប្រទេសនេះ កំពុងត្រូវជាប់គាំងដោយសារតែប្រទេសចិន និងរុស្ស៊ីជំរុញឱ្យពួកគេបន្ធូរបន្ថយចំណាត់ការ ដើម្បីបញ្ចុះបញ្ចូលរដ្ឋធានីព្យុងយ៉ាង ឲ្យត្រឡប់ទៅរកការចរចារំសាយអាវុធនុយក្លេអ៊ែរវិញ៕

