ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពទឹកជំនន់នៅទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ពុំទាន់មានផលប៉ះពាល់អ្វីគួរឲ្យកត់សម្គាល់នោះទេ ខណៈមន្ត្រីជំនាញ និងអាជ្ញាធរតាមខេត្តជាប់ទន្លេមេគង្គ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះគម្រោងការបើកទំនប់នៅប្រទេសឡាវ ។
ឯកឧត្តម សុទ្ធ គឹមកុលមន្នី មានប្រសាសន៍ថា យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងទទួលឥទ្ធិពលជ្រលងសម្ពាធទាប ជាក់ស្តែងស្ថានភាពទឹកទន្លេមេគង្គស្រកបន្តិច ដោយសារទឹកដែលហក់ប៉ុន្មានថ្ងៃមុន បានហូរចូលព្រែក ទើបធ្វើឲ្យមិនទាន់មានការគំរាមកំហែង នៃការជន់លិចធ្ងន់ធ្ងរនោះទេ ។
ឯកឧត្តមបានបន្តថា ជាមួយគ្នានឹងការជូនដំណឹង របស់រោងចក្រវារីអគ្គិសនីស្រែពក៤ នៅប្រទេសឡាវ ដែលគ្រោងបើកទ្វារទឹករបស់ខ្លួននៅសប្តាហ៍ក្រោយ គឺអាជ្ញាធរតាមបណ្តាខេត្តជាប់ទន្លេមេគង្គ កំពុងបន្តតាមដានជាប់ជាប្រចាំ ដើម្បីត្រៀមបង្ការជម្លៀសប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។
គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពទឹកទន្លេមេគង្គ មានកម្ពស់ ៧,៦៨ម៉ែត្រ ស្រកចុះ ០,០៨ម៉ែត្រ កំពស់ទឹកត្រូវប្រកាសអាសន្នកម្ពស់ ១០,៧០ម៉ែត្រ, ទឹកទន្លេសេកុង មានកម្ពស់ ៤,២៥ម៉ែត្រ ស្រកចុះ ០,៩៤ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន ១១,៥០ម៉ែត្រ, ទន្លេសេសាន កម្ពស់ ៥,០៤ម៉ែត្រ ស្រកចុះ ០,២០ម៉ែត្រ កម្ពស់ទឹកត្រូវប្រកាសអាសន្ន ១០,៥០ម៉ែត្រនិងទំនប់វារីសេសាន កំពស់ទឹកប្រុងប្រយ័ត្ន៧៥,០០ម៉ែត្រ ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី៩ ដល់១៥ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ហើយបន្ទាប់មក គឺចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជាមួយខ្យល់មូសុងនិរតីមធ្យម ៕ អត្ថបទ បាន សុខរិទ្ធិ


