កូរ៉េខាងជើង៖ ភ្លៀងធ្លាក់ខ្លាំងបានបន្តបោកបក់មកលើប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់ទៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីបានវាយប្រហារប្រទេសជប៉ុន ដែលបណ្ដាលឲ្យមានមានអ្នកស្លាប់ និងរបួសមួយចំនួន ដោយធ្វើឱ្យទីក្រុងព្យុង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះការខូចខាតដោយទឹកជំនន់។
ព្យុះនេះបានចុះខ្សោយទៅជាព្យុះទំនាបត្រូពិច ខណៈដែលវាឆ្លងចូលប្រទេសកូរ៉េខាងជើងពេញមួយយប់ ហើយកងកម្លាំងយោធា និងក្រុមមន្ត្រីបក្សកាន់អំណាច ត្រូវបានចល័តដើម្បីកាត់បន្ថយផលប៉ះពាល់របស់ព្យុះ ទៅលើសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ។
នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សជិត១៦.០០០នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែប្រហែលមនុស្សប្រហែល៦០% នៃចំនួននោះ បានត្រឡប់ទៅផ្ទះវិញគិតត្រឹមម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយជើងហោះហើរប្រហែល៣៥០ជើង និងផ្លូវរថភ្លើងចំនួន៤៥០ខ្សែ ត្រូវបានលុបចោល នេះបើយោងតាមក្រសួងមហាផ្ទៃ។
ជាមួយនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងការកាប់បំផ្លាញព្រៃឈើដែលធ្វើអោយហានិភ័យទឹកជំនន់កាន់តែធ្ងន់ធ្ងរ ប្រទេសកូរ៉េខាងជើងបាននឹងកំពុងទប់ទល់នឹងព្យុះនេះ ព្រមទាំងប្រឹងប្រែងទប់ទល់ការខូចខាត និងសង្គ្រោះដំណាំផងដែរ។ សារព័ត៌មានកូរ៉េខាងជើង Rodong Sinmun របស់បក្សកំពុងកាន់អំណាច បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមមន្ត្រីត្រូវបានបញ្ជាឱ្យអនុវត្តប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយគ្រប់ពេលវេលា និងរៀបចំផែនការជម្លៀសប្រជាជនផងដែរ៕

