ភ្នំពេញ៖ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY មើលឃើញ និងជឿជាក់លើសមត្ថភាពបេក្ខភាពថ្នាក់ដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេងមានបទពិសោធការងារ និងការអប់រំខ្ពង់ខ្ពស់ពីក្រៅប្រទេស ដែលអាចដឹកនាំនាវាកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនរឹតតែខ្លាំងបន្ថែមទៀត នាពេលខាងមុខ។
លោក ម៉ិច សីហា បានលើកឡើងតាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ BTV នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣នេះថា ប្រទេសកម្ពុជា ក្រោយមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិចាស់ បានធ្វើឱ្យប្រទេសកម្ពុជា មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍ មានការរីកចម្រើនជាបន្តបន្ទាប់។
លោកបន្តថា ដូច្នេះតាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្ដច្បាស់លាស់របស់ប្រទេសកម្ពុជាដែលមានស្រាប់ នឹងត្រូវបានដឹកនាំអនុវត្តដោយថ្នាក់ដឹកនាំជំនាន់ក្រោយដែលមានមត្ថភាព និងចំណេះដឹង នឹងធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនរឹតតែខ្លាំងបន្ថែមទៀតសម្រាប់អាណត្តិទី៧នេះ។
បើតាមលោក ម៉ិច សីហា បច្ចុប្បន្ននេះបញ្ហាសេដ្ឋកិច្ចសាកលនៅកំពុងបន្ត និងមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ប៉ុន្ដែប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ធ្វើឱ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចល្អប្រសើរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា នៅឆ្នាំ ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលកំណើននេះត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និង វិស័យសេវាកម្ម។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលកន្លងទៅ៕អត្ថបទ៖ វ៉ន ដារ៉ា