មីយ៉ាន់ម៉ា៖ បណ្តាញទូរទស្សន៍រដ្ឋ MRTV បានរាយការណ៍ថា មនុស្សជាង១៨.០០០នាក់ ត្រូវបានជម្លៀស នៅក្នុងរដ្ឋ Kayin សហភាពមីយ៉ាន់ម៉ាភាគខាងត្បូង ដោយសារតែការកើនឡើងកម្រិតទឹកទន្លេហួសពីការកំណត់គ្រោះថ្នាក់។
ការរាយការណ៍របស់ទូរទស្សន៍បានដកស្រង់សម្តីលោក U Saw Khin Maung Myint (អ៊ូ ស ឃីន ម៉ោង ម្យិន) អ្នកនាំពាក្យរបស់រដ្ឋាភិបាលរដ្ឋ Kayin ដែលបាននិយាយថា យើងកំពុងបង្កើតទីជម្រកបន្ថែមក្នុងការឆ្លើយតបទៅនឹងទឹកជំនន់នៅទូទាំងក្រុងចំនួន៦ នៅក្នុងរដ្ឋ Kayin។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ទន្លេនៅក្នុងរដ្ឋ Kayin រួមទាំងទន្លេ Thanlwin ( ថាន់ ល្វីន) បានពេញហៀរច្រាំង ហើយផ្នែកមួយចំនួននៃផ្លូវធំមួយតភ្ជាប់រដ្ឋធានី Hpa-an រដ្ឋKayin និងរដ្ឋធានី Mawlamyine ( ម៉ឡយីម) របស់រដ្ឋ Mon ( មន) ក៏ត្រូវបានជន់លិច។ បន្ថែលលើនេះ ផ្លូវរថភ្លើងមួយចំនួន រវាងទីក្រុង Yangon និងទីក្រុង Mawlamyine ត្រូវបានលុបចោលដោយសារតែទឹកជំនន់នៅតាមកំណាត់ផ្លូវរថភ្លើង រវាងក្រុង Bago និងក្រុង Mawlamyine ។
ក្រសួងឧតុនិយមនិងជលវិទ្យារបស់ប្រទេស បានរាយការណ៍ថា ទន្លេចំនួន៦ នៅទូទាំងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានឡើងលើសពីកម្រិតគ្រោះថ្នាក់កាលពីរសៀលថ្ងៃពុធ។ នាយកដ្ឋានអាកាសធាតុ បានចេញការព្រមានសម្រាប់ពលរដ្ឋរស់នៅជិតមាត់ទន្លេ ឬតំបន់ទំនាប ឲ្យមានការប្រុងប្រយ៍ត្នចំពោះហានីភ័យទឹកជំនន់កើនឡើងខ្លាំង៕

