ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានអំពាវនាវស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាអភិរក្សសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិដែលមាននៅសេសសល់តាមប្រាសាទនីមួយៗ ឱ្យបានគង់វង្សមិនត្រូវមានការជួញដូរ ឬក៏ធ្វើឲ្យមានការបាត់បង់នោះឡើយ។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ សម្រាប់ឆមាសទី១ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានធ្វើការប្រមូលវត្ថុបុរាណមកពីគ្រប់ទិសទីតាមប្រាង្គប្រាសាទនានា ទីវត្តអារាម និងតាមរយៈប្រជាកសិករប្រទះរកឃើញផ្តល់ឱ្យមករក្សាទុកនៅសារៈមន្ទីរបានចំនួន១២៦០រូប/ដុំ ក្នុងនោះបានចុះបញ្ជីរួចចំនួន២៧៧រូបនិងចុះបញ្ជីជាមួយនាយកដ្ឋានបានចំនួន៩៦៣រូប ស្មើ៧០ភាគរយ និងវត្ថបុរាណដែលមិនទាន់បានចុះបញ្ជីបេតិកភណ្ឌនៅក្រៅឃ្លាំងមានចំនួន១៧០រូបស្មើនិង៣០ភាគរយ។
លោកបន្តថា ក្រុមការងារមន្ទីរវប្បធម៌ប្រមូលមកពីតាមប្រាសាទនានា និងពីវត្តអារាមដែលព្រះសង្ឃប្រគល់ជូន រួមទាំងបងប្អូនប្រជាពលរដ្ឋដែលជាកសិករប្រទះឃើញប្រគល់ឱ្យរួមមាន៖ វត្ថុបុរាណរូប អំបែងចានបុរាណ ខ្អមបុរាណ រូបលហៈ ស្ពាន់លោងហិន រូបសំណាកធ្វើពីថ្មបាយក្រៀម និងវត្ថុបុរាណផ្សេងៗទៀតដែលមានតម្លៃ និងអាយុកាលរាប់រយឆ្នាំ។
ជាមួយគ្នានោះដែរនៅថ្ងៃខាងមុខមន្ទីរគ្រោងនិងធ្វើការរៀបចំសម្ភារៈវត្ថុបុរាណទាំងអស់នេះសម្រាប់រក្សានិងអភិរក្សទុកនៅក្នុងសារៈមន្ទីរនៅមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីជាការរួមចំណែកមួយ ក្នុងការលើកស្ទួយវិស័យទេសចរក្នុងស្រុកសម្រាប់ឲ្យប្អូនៗសិស្សានុសិស្សបានមកទស្សនា និងសិស្សាពីប្រវត្តិនៃរូបភាពវត្ថុបុរាណៗរួមទាំងប្រជាពលរដ្ឋបានដឹងពីវប្បធម៌អរិយធម៌របស់ខ្មែរកុំឲ្យមានការបាត់បង់ផងដែរ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានរក ឬក៏ប្រទេះឃើញរូបសំណាក់ដែលបានបន្សល់ទុកពីបុរាណ សូមកុំមានការជួយដូរ ត្រូវប្រគល់មកមន្ទីរ ឬមន្រ្តីមានសមត្ថកិច្ចនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមអភិរក្សរបស់បងប្អូនគឺមានតម្លៃស្នើ និងការថែរក្សាសម្បត្តិវប្បធម៌បេតិកភណ្ឌរបស់ជាតិផងដែរ៕






