អាមេរិក៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមនុស្សដែលបានស្លាប់ដោយសារការធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ៤៩.០០០នាក់ក្នុងឆ្នាំ២០២២ ដែលជាកំណើន ២,៦% ធៀបនឹងឆ្នាំមុននោះ។ ជាងពាក់កណ្តាលនៃការធ្វើអត្តឃាតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ទាំងអស់ ពាក់ព័ន្ធនឹងអាវុធ នេះបើយោងតាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)។
រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Xavier Becerra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអាមេរិក៩នាក់ក្នុងចំណោម១០នាក់ជឿថា អាមេរិកកំពុងប្រឈមមុខនឹងវិបត្តិសុខភាពផ្លូវចិត្ត។
ទិន្នន័យថ្មីពីការស្លាប់ដោយអត្តឃាត ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារ CDC នោះ បង្ហាញពីមូលហេតុពីក្រោយការលើកឡើងនោះ។ លោកបានបន្ថែមថា មនុស្សជាច្រើននៅតែជឿថា ការសុំជំនួយពីបញ្ហាផ្លូវចិត្តគឺជាសញ្ញានៃភាពទន់ខ្សោយ។
អត្រាធ្វើអត្តឃាតនៅឆ្នាំ២០២២ មានការស្លាប់ចំនួន១៤,៩ករណីក្នុងមនុស្ស១០០.០០០នាក់ គឺមានអត្រា៥% ខ្ពស់ជាងកំណត់ត្រាមុន ដែលមានការស្លាប់១៤,២ករណីក្នុងមនុស្ស១០០.០០០នាក់ចាប់ពីឆ្នាំ២០១៨មក។
ទីភ្នាក់ងារ CDC បាននិយាយថា ការស្លាប់ដោយការធ្វើអត្តឃាតបានកើនឡើងពីចំនួន៤៨.១៨៣ករណីក្នុងឆ្នាំ២០២១ ដល់ចំនួនប៉ាន់ស្មាន៤៩.៤៤៩ករណីនៅក្នុងឆ្នាំ២០២២៕

