ភ្នំពេញ៖ ថ្ងៃទី១១និងទី១២ខែសីហា ឆ្នាំ២០២៣នេះ ជាការបើកយុទ្ធនាការសម្ភាសន៍ ផ្ដល់បណ្ណសមធម៌ ជូនអ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ។ ការបើកយុទ្ធនាការ គឺធ្វើឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ សម្រាប់អ្នករស់នៅក្នុងសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ ដោយតាមចំនួនបឋមក្នុងរង្វង់ជាង ៣០០នាក់ ដែលត្រូវទទួលការសម្ភាសន៍។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកផែនការ នៃក្រសួងផែនការ។
ក្រសួងផែនការ និងមានការចូលរួមពីក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងចាប់ផ្ដើមការសម្ភាសន៍ផ្ដល់បណ្ណសមធម៌អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ។ អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ គឺសំដៅលើ អ្នកបម្រើការនៅតាមរង្គសាល ឌីស្កូតែត ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា។
ការចាប់ផ្ដើមយុទ្ធនាការនេះ ក៏បើកផ្ដល់បណ្ណសមធម៌ភ្លាមៗផងដែរ នៅពេលសម្ភាសន៍ជាប់រកឃើញថា មានជីវភាពលំបាកពិតប្រាកដ។ សម្រាប់អ្នកទទួលបានបណ្ណសមធម៌ភ្លាមៗនេះ បង្ហាញក្ដីរីករាយជាខ្លាំង ព្រោះពួកគេនឹងអាចប្រើប្រាស់បណ្ណសមធម៌ សម្រាប់ការទៅទទួលសេវាព្យាបាលដោយមិនគិតថ្លៃ សម្រាប់សមាជិកគ្រួសារទាំងមូល។ ពួកគេពិតជាអរគុណ ដល់រាជរដ្ឋាភិបាល ដែលបានគិតគូដល់ពួកគេ និងចុះមកសម្ភាសន៍ផ្ទាល់បែបនេះ។
ជាការបញ្ជាក់បន្ថែម លើយុទ្ធនាការនេះ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ លើកឡើងថា អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធដែលទទួលបានបណ្ណសមធម៌ ក៏ដូចជាសមាជិកគ្រួសារ ដែលបានចុះក្នុងបញ្ជី គឺអាចទៅទទួលសេវាព្យាបាលគ្រប់មន្ទីរពេទ្យរដ្ឋបានភ្លាមៗ ដោយមិនបង់ថ្លៃសេវា។ យ៉ាងណាម៉ិញ ពួកគេជាក្រុមគោលដៅថ្មីនេះ ពុំទទួលបានការឧបត្ថម្ភសាច់ប្រាក់ជាប្រចាំខែនោះទេ។ នេះជាការបញ្ជាក់ថែម របស់ឯកឧត្តម ប្រតិភូ។
ពាក់នឹងការជួយសម្រួលគិតគូដល់ អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ បច្ចុប្បន្នក៏មានការបើកផ្ដល់ បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនពួកគេផងដែរ ករណីពួកគេពួកគេពុំមានជីវភាពក្រលំបាកខ្លាំង។ នេះជាការបញ្ជាក់ថែមរបស់ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
ក្រោយពីបញ្ចប់យុទ្ធនាការ រយៈពេលពីរថ្ងៃនៅទីតាំង រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ការងារផ្ដល់បណ្ណសមធម៌ជូន អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ គឺនៅតែបន្ត។
ឯកឧត្តម ថេង បញ្ញាធន ណែនាំឱ្យ ក្រុមគោលដៅត្រៀមឯកសារចាំបាច់ ដូចជាអត្តសញ្ញាណប័ណ្ណ រឺសៀវភៅគ្រួសារ ដើម្បីទៅស្នើសុំនៅឃុំសង្កាត់ ព្រោះការងារនេះនៅតែបន្តទូទាំងប្រទេស៕ អត្ថបទ៖ គឹមហុក